ពលរដ្ឋរាប់សិបម៉ឺននាក់បានបន្តធ្វើបាតុកម្មនៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១៤ខែកុម្ភៈ (ជាទិវានៃក្តីស្រឡាញ់) ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការគាំទ្រ ដល់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលត្រូវយោធាចាប់ខ្លួន ក្នុងនោះមានលោកស្រីអោង សាន ស៊ូជី ជាដើម ។ នេះជាថ្ងៃទី ៩ ហើយដែលពលរដ្ឋមីយ៉ាន់ម៉ាធ្វើបាតុកម្មបើទោះបីជារងនូវការគំរាមកំហែងពីកម្លាំងយោធា ចាប់ខ្លួនក្រុមបាតុករក៏ដោយ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ខែកុម្ភៈ បានព្រមានដល់ពលរដ្ឋមិនត្រូវលាក់បាំងអ្នកនយោបាយល្បីៗនៅក្នុងប្រទេសនេះឡើយ ។ ការព្រមានកើតឡើងក្រោយពេលដែលយោធាចេញ ដីកាចាប់ខ្លួនសកម្មជននយោបាយដឹកនាំការធ្វើបាតុកម្មប្រឆាំងយោធា ។
នៅក្នុងសេចក្តីប្រកាសដែលប្រព័ន្ធផ្សព្វផ្សាយយោធាមីយ៉ាន់ម៉ាបានផ្សាយ មានខ្លឹមសារថា« ប្រសិនបើរកឃើញអ្នកនយោបាយ ហើយមិនផ្តល់ព័ត៌មានដល់កម្លាំងប៉ូលិសនឹងត្រូវជាប់ទោស ពីបទលាក់បាំង។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមនិស្សិតបានចូលរួមធ្វើបាតុកម្មនៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីការធ្វើរដ្ឋប្រហារ។ ក្រុមបាតុករនិស្សិតស្លៀកឯកសណ្ឋានពណ៌ស លើកស្លាកបដាទាមទារដោះលែងលោកស្រីអោងសាន ស៊ូជី ដែលត្រូវយោធាចាប់ខ្លួនកាលពីថ្ងៃទី ១ខែកុម្ភៈ ។
ការធ្វើបាតុកម្មលើកនេះ គឺមានទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក នៅក្នុងប្រទេសនេះ ។ ក្រុមបាតុករមីយ៉ាន់ម៉ា នឹងបន្តធ្វើបាតុកម្មនៅពេលខាងមុខជាបន្តទៀត រហូតដល់យោធាដោះលែងលោកស្រីអោងសាន ស៊ូជី និង អ្នកនយោបាយនានា៕ ដោយ សាធី
រូបភាព៖ Telegraph