នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជនមាន​បញ្ហា​ផ្លូវចិត្ត​ សម្រេច​តែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ឲ្យទទួល​បន្ទុក​ភាព​ឯកា

ចែករំលែក៖

អន្តរជាតិ​៖​ ខណៈដែល​​អត្រា​អ្នកធ្វើ​អត្តឃាត​នៅ​ប្រទេសជប៉ុន​ ​បាន​កើនឡើង​ខ្ពស់​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វេីឲ្យលោកនាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ កាលពី​សប្ដាហ៍​មុន បានតែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ឱ្យទទួល​បន្ទុក​ភាព​ឯកា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជនមាន​បញ្ហា​ផ្លូវចិត្ត​។

​ជាក់ស្ដែង​​កាលពីថ្ងៃទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២១​ រដ្ឋមន្ត្រី​ជំរុញ​កិច្ចការ​តំបន់ លោក តេ​ស៊ូ​ស៊ិ សា​កា​ម៉ូ​តុ (Tetsushi Sakamoto) ត្រូវបាន​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ប្រគល់​តួនាទី​បន្ថែម​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​បញ្ហា​ឯកា។ លោក សា​កា​ម៉ូ​តុ ត្រូវ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ក្នុងចំណោម​ប្រជាជន​ជប៉ុន ខណៈ​បញ្ហា​នេះ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ជា​លំដាប់​ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​ចំពោះ​ការតែងតាំងនេះ​ ​បានធ្វើ​ឡើងជា​ការឆ្លើយ​ត​បនឹង​ការកើនឡើង​ចំនួន​អ្នកធ្វើ​អត្តឃាត​នៅ​ជប៉ុន​។ ក្នុងរបាយការណ៍​ចេញផ្សាយ​ថ្មីៗ​នេះ អត្រា​ធ្វើអត្តឃាត​បាន​កើនឡើង​ក្នុងអំឡុង​ឆ្នាំ​២០២០ ក្រោយ​បាន​ធ្លាក់ចុះ​បន្តបន្ទាប់​នៅ​មួយ​ទសវត្សរ៍​ចុងក្រោយ​។ អត្រា​អ្នកធ្វើ​អត្តឃាត​ភាគច្រើន​ជា​ស្ត្រី និង​ក្មេង​ជំទង់​។ បើតាម​ទិន្នន័យ​ថ្មី ចំនួន​ស្ត្រី​ដែល​ធ្វើអត្តឃាត​កើនឡើង​១៤,៥​ភាគរយ​ដែល​ស្មើនឹង​៦៩៧៦​នាក់​។ នេះ​ជា​ទិន្នន័យ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។

បេីតាមលោកនាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា បានប្រា​ប់លោក សា​កា​ម៉ូ​តុ ក្នុង​កិច្ចប្រជុំ​មួយ​ថា៖«​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​ភាព​ឯកោ​មាន​ច្រើនជាង​បុរស ព្រមទាំង​មាន​អត្រា​ធ្វើអត្តឃាត កើន​ឡើងជា​លំដាប់​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា លោក​នឹង​យល់​ពី​បញ្ហា​នេះ ហើយ​ចាត់វិធានការ​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស​»​។ នាយករដ្ឋមន្ត្រី​ជប៉ុនរូបនេះ ក៏មាន​គម្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ចុងខែ​កុម្ភៈ​នេះ ដើម្បី​ស្តាប់​អ្នកជំនាញ និង​ចូលរួម​ពិភាក្សា​ពី​វិធានការ​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ឯកោ និង​ព្យាយាម​នៅ​ដាច់​ពី​គេ​របស់​ប្រជាជន​ក៏ដូចជា​ការរក្សា​ចំណងទាក់ទង​រវាង​មនុស្ស​ក្នុងសង្គម​។

​បើតាម​ទីភ្នាក់ងារ​សារពត៌មាន Reuters​ បាននិយាយថា​ ស្ត្រី​នៅក្នុង​ប្រទេស​ជប៉ុន​មាន​ទំនោរ​ធ្វើការ ជា​អ្នកបម្រើ​សេវាកម្ម​ផ្សេងៗ និង​នៅតាម​ផ្នែក​លក់​ជាដើម​។ ហេតុនេះ ពួកគេ​ងាយ​នឹង​បាត់បង់​ការងារ​ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ពួកគេ​ជាធម្មតា​ត្រូវ​ទទួលបន្ទុក​មើលថែ​ផ្ទះសម្បែង និង កូនៗ​ថែមទៀត​។ វិបត្តិ​សេដ្ឋកិច្ច និង​ការ​រស់នៅក្នុង​បរិបទ​សង្គម​នា​សម័យ​កូ​វីដ​-១៩ ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ដទៃទៀត​ដែល​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​ធ្វើអត្តឃាត​របស់​ប្រជាជន​ជប៉ុន​។​

​គួរបញ្ជាក់ផងដែរថា​​ ក្នុង​ឆ្នាំ​២០០៣ ជា​ពេលដែល​ករណី​អត្តឃាត​នៅក្នុង​ប្រទេស​ជប៉ុន​ បាន​កើនឡើង​ខ្លាំង​ដល់​ជាង ៣​ម៉ឺន​ករណី​។ ចាប់ពីពេលនោះ រដ្ឋាភិបាល​ជប៉ុន ក៏​ចាប់ផ្ដើម​យ​កក​ចិត្ត​ទុកដាក់​បង្កើតជា​កម្មវិធី​អប់រំ និង​ឱ្យ​ដំបូន្មាន​ផ្សេង​ដល់​ប្រជាជន​។ ក្រោយមក តួលេខ​នេះ ក៏​ថយចុះ​មក​នៅ​ប្រមាណ​២​ម៉ឺន​ករណី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៩ មុនពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​៕ ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print