ថ្នាក់​ដឹកនាំ​ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត​ ស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដោយមានការចូលរួមពីប្រតិភូក្រសួង និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។

នាឱកាសនោះ​ អភិបាលរងខេត្ត​ លោកស្រី ហៀក ហ៊ីមុល្លី បានមា​នប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបង្គោលថ្នាក់ខេត្តដើម្បីជួយដល់ការគាំទ្រនិងអនុវត្តការកំណត់អត្តសញ្ញាណកម្មជនមានពិការភាពទាំងអស់ក្នុងខេត្តព្រះសីហនុ ហើយជនមានពិការភាពទាំងអស់ត្រូវបានកំណត់ជាក់លាក់ ពួកគេនឹងទទួលបាននូវអត្ថប្រយោជន៍សង្គមនានា ដែលពួកគាត់ត្រូវទទួលបានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដោយឡែកចំពោះជនមានពិការភាពក្នុងខេត្តព្រះសីហនុសរុបមាន ១,០៨២នាក់ ក្នុងនោះក្រុងព្រះសីហនុ មានចំនួន ១៨២នាក់ ក្រុងកោះរ៉ុងចំនួន ២៩នាក់ ស្រុកព្រៃនប់ មានចំនួន ៦៩៩នាក់ ស្រុកស្ទឹងហាវចំនួន ៨៩នាក់ និងស្រុកកំពង់សីលាចំនួន ៨៣នាក់ ។

ដោយឡែក​លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ដែរថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត មានគោលបំណងពង្រឹងសមត្ថភាពដល់គ្រូបង្គោលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អសម្រាប់វឌ្ឍនៈភាពជាតិក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណពិការភាពក្នុងតំបន់អាស៊ាន នាចុងឆ្នាំ២០២១ខាងមុខ ។

ក្រសួងគ្រោងបង្កើតឱ្យមានយន្តការអនុវត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួងរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីគាំទ្រផ្នែកបច្ចេកទេស ការសម្របសម្រួល និងការតម្រង់ទិសគោលនយោបាយ ។ ចំណែកនៅថ្នាក់ក្រោមជាតិវិញ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានតួនាទីក្នុងការកសាងសមត្ថភាព និងផ្សព្វផ្សាយសម្របសម្រួលការដោះស្រាយ និងការគាំទ្រដល់រដ្ឋបាល ឃុំ សង្កាត់ ក្នុងការកំណត់អត្តសញ្ញាណពិការភាពតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព ។

លទ្ធផលមកដល់ថ្ងៃនេះ ជនមានពិការភាពបានចុះឈ្មោះស្នើសុំប័ណ្ណសម្គាល់ពិការភាពសរុបមានចំនួន ១៩,៩០៩នាក់ ក្នុងនោះស្រី្តមានចំនួន ៩,១០១នាក់ ។ ដោយឡែកប្រទេសកម្ពុជាក៏ទទួលរងឥទ្ធិពលពីការផ្ទុះឡើងនៃជំងឺកូវីដ ដែលប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន រួមទាំងជនមានពិការភាពរបស់យើងផងដែរ។ ប៉ុន្តែកម្ពុជានៅតែរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាជនបានរស់នៅប្រកបដោយសុខក្សេមក្សាន្ត ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ​ បន្តថា បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានក្នុងឆ្នាំ២០១៩ កន្លងទៅជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ មានជនមានពិការភាពចំនួន ២,៨៦០នាក់ ស្រ្តីពិការចំនួន ៧៨៩នាក់ និងជនមានពិការភាពកម្រិតធ្ងន់ ចំនួន១,៥៥៧នាក់ បើគិតភាគរយ ១,៩៥% ។ ដោយឡែកវិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ) ស្ថិតិក្រសួងបានសាកល្បងលើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាបលើ ១០២អង្គភាព គឺជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៩២នាក់ ស្រ្តី ២,១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៦,៦៥២នាក់ ។

គួរបញ្ជាក់ថា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ តែងតែបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរចេញ-ចូលនៅទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណតយានយន្តសម្រាប់ជនមានពិការភាព; ការធ្វើជម្រាល ;ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក; ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន ។

មិនតែប៉ុណ្ណោះ​ព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនពិការភាពឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងបានបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print