ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចពិភាក្សាស្តីពី «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ដោយមានការបកស្រាយពីវាគ្មិនចំនួន ៦នាក់ ក្នុងនោះជាមន្ត្រីសុខាភិបាល ២នាក់ មន្ត្រីកាកបាទក្រហមកម្ពុជា ២នាក់ និងស្ត្រីមានកូនតូចអាយុក្រោម២ឆ្នាំ ២នាក់។
ក្នុងកិច្ចពិភាក្សានេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ខាងមុខនេះ។
មុននឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សាខាងលើនេះ វាគ្មិនទាំង ៦នាក់ និងអ្នកចូលរួមទាំងអស់ បានត្រងត្រាប់នូវខ្លឹមសារគន្លឹះសំខាន់ៗ អនុសាសន៍ និងការអំពាវនាវនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២១ ដែលបានអានដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
ថ្លែងពីលើវេទិកានាចុងបញ្ចប់នៃកិច្ចពិភាក្សាខាងលើនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ពី អត្ថប្រយោជន៍ និងសារសំខាន់ដែលអង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការការពារប្រជាជន និងជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាននិរន្តរភាពការងាររបស់ប្រជាជន បើទោះបីជា កូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យសុខុមាលភាពសង្គម សេដ្ឋកិច្ច-ល-។
ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងមន្ត្រីសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ-ថ្នាក់សាខា ចូលរួមអនុវត្តតាមអនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
គួរបញ្ជាក់ថា ដោយឡែកស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សេងទៀត នឹងធ្វើការចាក់ផ្សាយខ្លឹមសារកិច្ចពិភាក្សាទាំងស្រុង នៅថ្ងៃទី ២០-២១-២២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ៕
ដោយ៖សហការី