រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ នៅភូមិសាស្ត្រស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកម៉ែនវិបុលអភិបាលខេត្តព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ នៅភូមិសាស្ត្រស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១។

ក្នុងឪកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែជួយដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគមនាកមន៍នៅជនបទ និងបានក្រើនរំលឹកដល់ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្រ្ដីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

លោកបណ្ជិតបានបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាខេត្តគោលដៅមួយ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានផ្លូវជនបទក្រាលកៅស៊ូចំនួន១ខ្សែ ប្រវែង៨ គីឡូម៉ែត្រ និងផ្លូវចំនួន ៤ខ្សែទៀត ដែលមានប្រវែងសរុប ៥៧.២ គីឡូម៉ែត្រ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ គឺជាកម្មវិធីអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដូចជាគម្រោងកែលម្អផ្លូវជនបទជំហាន ទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៦រួមមាន៖ ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, កណ្តាល, ព្រៃវែង និងខេត្តស្វាយរៀង លើប្រវែងផ្លូវសរុប ១១៩.៤៦គីឡូម៉ែត្រ និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងខេត្តក្រចេះ លើប្រវែងផ្លូវសរុប ៣៤០.៧៦គីឡូម៉ែត្រ។

សូមបញ្ជាក់ថាផ្លូវទាំងនោះរួមមាន៖
ខ្សែទី១៖ ដែលតភ្ជាប់ពីភូមិញរ ឃុំញរ ទៅភូមិភ្នំស្រូវ ឃុំរាជ្យមុន្ទី និងភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ប្រវែងសរុប ៨ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយគ្រោងបញ្ចប់ ១០០% នៅមុនខែមិថុនា ឆ្នាំ២០២២។
ខ្សែទី២៖ ដែលតភ្ជាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ប្រវែង ១១.០៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
ខ្សែទី៣៖ ដែលតភ្ជាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ប្រវែង ៩.១៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
ខ្សែទី៤៖ ដែលតភ្ជាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល ប្រវែង ២៤.៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
ខ្សែទី៥៖ ដែលតភ្ជាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ប្រវែង ១១.៩ គីឡូម៉ែត្រក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print