ភ្នំពេញ៖ ដើម្បីជំរុញឱ្យការងារស្តារប្រឡាយទួលពង្រទំហំទទឹង ៨ម៉ែត្រទទួល បានជោគជ័យ និងទាន់ពេលវេលា មុនរដូវវស្សាមកដល់នោះ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែង ប្រឡាយ លូ ក៏ដូចជាសមត្ថភាពរបស់ ស្ថានីយ បូម ទឹកលូ៥ សំដៅធ្វើយ៉ាងណាបើក ផ្លូវទឹកឱ្យហូរបានលឿន កាត់បន្ថយការលិចលង់នៅ ក្នុង ខណ្ឌចំនួន៤ នៅភាគខាងត្បូងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយដែលបានត្រួតពិនិត្យ និងស្ដារនេះមានសារសំខាន់បំផុត ក្នុងការរំដោះទឹកពីផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌដង្កា, និងខណ្ឌមានជ័យ ហើយការស្ដារប្រឡាយនេះ បានធ្វើឱ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយចំនួន ហើយប្រជាពលរដ្ឋ ក៏បានចូលរួមបរិ
ច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកឱ្យរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
លោកក៏បានអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដី ដែលមានទំហំរហូត ដល់២ម៉ែត្រ និងមានបណ្ដោយរហូតដល់ ៥០០ ម៉ែត្រ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ មាន លទ្ធភាព ស្ដារប្រឡាយនេះឱ្យ បានធំរហូតដល់ទទឹង៨ម៉ែត្រ ទៅតាមគម្រោង។
ក្នុងដំណើរត្រួតពិនិត្យកិច្ចការត្រៀមរំដោះទឹក នារដូវវស្សាខាងមុខនេះ លោក ឃួង ស្រេង ក៏បានឲ្យក្រុមការងារ ដាក់គ្រឿងចក្រចុះស្តារ កាយសំរាម ដើម្បីបើកមុខទឹកតាមមាត់ប្រឡាយ កុំឲ្យមានកកស្ទះបន្តទៀត។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញ តាមប្រឡាយមាត់ទឹក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញទាំងអស់ សូមធ្វើការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំយកទៅបោះចោលនៅក្នុងប្រឡាយ បណ្តាលឲ្យមានកកស្ទះ និងលិចលង់នៅរដូវវស្សារតទៅទៀត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តារប្រឡាយទួលពង្រ១ ហើយសាងសង់ជាប្រឡាយបេតុងឱ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន ៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា និងដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង ១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែង សម្រាប់ឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ ឆ្លងកាត់ពីលើបានផងដែរ៕