ភ្នំពេញ៖ នារីរូបស្រស់២នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកផ្ទប់និងជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ និង ២០ នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧៣ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-BJ 4821បើកបដោយនារីម្នាក់រួមដំណើរនិងស្រ្ដីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៧៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់និងជញ្ចាំងផ្ទះបណ្តាលឲ្យរងការខូចខាតជញ្ចាំងផ្ទះមួយចំនួន។រួចម្ចាស់ផ្ទះក៏បានរត់ទៅឃាត់នារីជានាក់បង្កដែរតែមិនព្រមឈប់ក៏រត់ឡើងលើកង់បីជិះគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួចបានរាយការណ៍ទៅខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ផេង ភាព