ក្រុមខ្លាំង២នៅអង់គ្លេសទទួលជ័យជម្នះ ខណៈ២ក្រុមទៀតបានត្រឹមស្មើក្នុងជើងទី១ ពានរង្វាន់ Europa League

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមជើងទី១ បានបញ្ចប់ហើយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយក្រុមមកពីអង់គ្លេសចំនួន៤ មាន២ក្រុមឈ្នះគូប្រកួតនៅក្រៅទឹកដីដូចគ្នា និង២ក្រុមទៀតតាមត្រឹមស្មើប៉ុណ្ណោះ។

យោងតាមលទ្ធផលនៃការប្រកួតដែលចេញផ្សាយដោយ BBC Sport បានបង្ហាញថា ក្រុមខ្លាំងមកពីអង់គ្លេសមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមម្ចាស់ផ្ទះ Wolfsberger AC មកពីអូទ្រីសក្នុងលទ្ធផល៤ទល់១។ ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ Tottenham បានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះយ៉ាងខ្លាំងរហូតរកបាន៣គ្រាប់នាំមុខក្នុងតង់ទី១ ដោយកីឡាករ Son Heung-Min, កីឡាករ Gareth Bale និងកីឡាករ Lucas Moura នៅនាទីទី១៣, នាទីទី២៨ និងនាទីទី៣៤។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានឱកាសរកគ្រាប់បាល់បាន១គ្រាប់សងវិញនៅនាទីទី៥៥ ដោយកីឡាករ Liendl ដោយសារការពិន័យបាល់ប៉េណាល់ទី១១ម៉ែត្រ។ ប៉ុន្តែនៅនាទីទី៨៨ ជិតចប់ការប្រកួតទៅហើយ កីឡាករ Carlos Vinícius របស់ក្រុមមាន់ខ្នាយមាស Tottenhamរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Tottenham ឈ្នះក្រុម Wolfsberger AC ក្នុងលទ្ធផល៤ទល់១ សម្រាប់ជើងទី១នេះ។

ចំណែកក្រុមបិសាចក្រហម Manchester United ធ្វើបានល្អដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Real Sociedad មកពីអេស្ប៉ាញក្នុងលទ្ធផល៤ទល់០។ ការប្រកួតតង់ទី១ ក្រុមភ្ញៀវបិសាចក្រហមរកបាន១គ្រាប់នាំមុខដោយខ្សែបម្រើ Bruno Fernandes នៅនាទីទី២៧ រហូតដល់ចប់ការប្រកួតតង់ទី១។

ចូលដល់តង់ទី២ ក្រុមភ្ញៀវមានឱកាសក្នុងការរកគ្រាប់បាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ ហើយនៅនាទីទី៥៧ ខ្សែបម្រើ Bruno Fernandes ដដែលរកបាន១គ្រាប់ទៀត និងនៅនាទីទី៦៤ ខ្សែប្រយុទ្ធ Rashfordរកបាន១គ្រាប់ទៀត រហូតដល់នាទីទី៩០ ជិតចប់ការប្រកួតទៅហើយ កីឡាករ James រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Man United យកឈ្នះក្រុម Real Sociedad ៤ទល់០។

លទ្ធផលខាងលើនេះធ្វើឲ្យក្រុម Tottenham និងក្រុម Man United មានឱកាសច្រើនក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ព្រោះការប្រកួតក្នុងជើងទី១នេះ ក្រុមទាំង២បានយកឈ្នះគូប្រកួតក្រៅទឹកដី និងចំណេញគ្រាប់បាល់បានច្រើន។ សម្រាប់ការប្រកួតជម្រុះវគ្គ៣២ក្រុម ជើងទី២ នឹងត្រូវប្រកួតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខសម្រាប់ក្រុម Man United ប៉ះ Real Sociedad និងប្រកួតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់ក្រុម Tottenham ប៉ះ Wolfsberger AC ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គ១៦ក្រុមបន្តទៀត ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print