ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុង លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលអំណោយជាសម្ភារបរិក្ខារពេទ្យដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៤០កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តសីហនុ បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលក្នុងរយៈពេលកន្លងទៅតែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រជាពលរដ្ឋរបស់យើងក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក្នុងថ្ងៃនេះខេត្តព្រះសីហនុក៏មានកិត្តិយសបានទទួលសម្ភារបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ហើយលោកសង្ឃឹមថា គ្រូពេទ្យនិងបើកប្រអប់មើលដើម្បីពិនិត្យសម្ភារនិងឧបករណ៍ទាំងនេះដើម្បីបម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តរបស់យើងនៅផ្នែកណាខ្លះ។ សម្ភារឧបករណ៍ទាំងនេះគឺសម្រាប់ជួយដល់អ្នកជំងឺរបស់យើងហើយសង្ឃឹមថាសម្ភារដែលទទួលបាននៅថ្ងៃនេះនឹងបានជួយសម្រាលទៅដល់ការលំបាករបស់គ្រូពេទ្យ ការទទួលខុសត្រូវហើយនិងទទលបានទិន្នផលដោយផ្ទាល់ទៅដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរបស់យើង។ជាការណ៍ពិតណាស់សកម្មភាពនិងការខិតខំប្រឹងប្រែងគឺបានមកពីការជួយគាំទ្រអំពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។
លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អង្គការសមាគម(TYDA) ក៏ដូចជាសប្បុរសជនទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(TYDA) ទាំងអស់ ដែលបានប្រឹងប្រែងកន្លងមកនេះ សូមឱ្យមានសុខភាពល្អ ជោគជ័យក្នុងបេសកកម្មលើវិស័យសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយើងរួមគ្នាប្រយុទ្ធប្រឆាំងនិឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។
សម្ភារបរិក្ខារពេទ្យរួមមាន ÷
១.សឺរុាំង ខ្សែនិងតំណសេរ៉ូមច្រើនប្រភេទ បង់រំុរបួស កម្រាលតុនិងគ្រែ កម្រាលអ្នកជំងឺ សម្លៀកបំពាក់អ្នកជំងឺ ថង់ដាក់សម្ភារសុងនោម ទឹកសម្លាប់មេរោគ ស្រោមដៃ សម្ភារមន្ទីរពិសោធន៍។
២.សម្ភារៈទាក់ទងការរំុនិងថែទាំរបួស។
៣.សម្ភារជំនួយការពិនិត្យព្យាបាលជំងឺរោគស្ត្រី។
៤.សម្ភារជំនួយការវះកាត់។
បន្ទាប់ពីទទួលសម្ភារៈបរិក្ខារពេទ្យរួចមកលោកអភិបាលខេត្តបានបន្តចុះពិនិត្យអគារដែលត្រៀមសម្រាប់ចាក់វាក់សាំងកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕
ឆ្លាម សមុទ្រ