សូមប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍!! មួយភ្លែតសោះរថយន្តពីរគ្រឿងបុកទ្រូងផ្លូវព្រះនរោត្ដម​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នាក្នុងគ្រាតែមួយ​ ដែលបង្កឡេីងដោយរថយន្តស៊េរីទំនេីបម៉ាក​ BUICK និងរថយន្ត​ម៉ាក​ Toyota Prius បានបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដម​យ៉ាងពេញទំហឹងបណ្ដាលឲ្យដាច់កាឡេកង់មុខផ្នែកខាងឆ្វេង​រងការខូចខាតដូចគ្នា​ ។ 

    ករណីទី១​ រថយន្តស៊េរីទំនើបម៉ាក​ BUICK មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ-6981 បើកបរដឹកក្រុមគ្រួសារជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខសណ្ឋាគារតាយម៉េង​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច​ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២១​ ។ 

​   ករណីទី២​ រថយន្តម៉ាក Toyota Prius ថ្មីសន្លាងមួយគ្រឿងមិនទាន់មានស្លាកលេខ បានបោះពួយទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដម​ កែងផ្លូវសុធារស​ ត្រង់ចំណុចភ្លើងស្តុបចំការមន​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ បណ្ដាលឲ្យរថយន្តដាច់កង់ម្ខាងរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១ និង១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែកុម្ភៈ​ ឆ្នាំ២០២១​។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​  តែក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...

          

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print