ខេត្តត្បូងឃ្មុំ៖ អគ្គិភ័យបានឆាបឆេះដេប៉ូសាំងតេលាមួយកន្លែងយីហោដេប៉ូតេលាក្រុងសួងស្ថិតក្នុងក្រុងសួងខ្ទេចអស់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ៧:៣៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បើតាមអធិការដ្ឋាននគរបាលក្រុងសួង បានឱ្យដឹងថា ស្ថានីយប្រេងសាំងដែលអគ្គិភ័យឆាបឆេះនេះមានម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។ ចំពោះមូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ក្រោយទទួលដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះធ្វើអន្តរាគមន៍ដោយប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ភ្លើងទើបរលត់ជាស្ថាពរ នៅម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែល។
បើតាមសមត្ថកិច្ចឲ្យដឹងថា ទំហំនៃការខូចខាតក្នុងអគ្គិភ័យនោះគឺបណ្តាលឲ្យឆាបឆេះការាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus RX៣៣០មួយគ្រឿង រថយន្តកូរ៉េ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេស ម៉ូតូ៣គ្រឿង រុឺម៉កម៉ូតូ១គ្រឿង រួមទាំងថវិកានិងសម្ភារមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។
ចំពោះប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន២គ្រឿង សរុបប្រើប្រាស់ឡានទឹកអស់ចំនួន២៥គ្រឿង ទើបរលត់ទាំងស្រុង។
លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣០០ដុល្លារដល់កងកម្លាំងដែលបានសហការគ្នាពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស ឬឆេះរាលដាលតនោះទៀតនោះឡើយ៕
ជ្រោយពេជ្រ