ខេត្តពោធិ៍សាត់ ៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល ឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងកាំបិតផ្គាក់១ដើមផងដែរ ខណៈគេអះអាងជនសង្ស័យរូបនេះ ជិះម៉ូតូចេញពីផឹកសុីនៅផ្ទះក្បែរគ្នាបានដួលខ្លួនឯង បែរជាទៅយកកាំបិតមករករឿងម្ចាស់ផ្ទះ(កន្លែងផឹក)ទៅវិញ ។
ករណីនគរបាលឃាត់ជនសង្ស័យអុកឡុកគេឯងខាងលើ ធ្វើឡើងវេលាម៉ោង១០ និង៤៥នាទី យប់ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍នាំខ្លួន ឈ្មោះ រិទ្ធ រ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុជនសង្ស័យផឹកសុីនៅផ្ទះរបស់ឈ្មោះ សារ៉ូ គោ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុជនសង្ស័យ(រិទ្ធ រ៉ា)បានជិះម៉ូតូត្រឡប់ទៅផ្ទះ គ្រានោះគាត់បានដួលម៉ូតូតាមផ្លូវដោយខ្លួនឯងបណ្ដាលឲ្យរងរបួសស្រាល គាត់បន្តទៅផ្ទះរួចយកកាំបិតផ្គាក់មករករឿងម្ចាស់ផ្ទះ(សារ៉ូ គោ)ថា អំបាញម៉េញមានគេរករឿង និងវាយគាត់ ។
ប្រភពបញ្ជាក់បន្តទៀតថា ដោយសារនិយាយស្ដាប់គ្នាពុំបានទើបម្ចាស់ផ្ទះ(សារ៉ូ គោ)រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន នាំយកទៅបន្តនីតិវិធីតែម្ដង ទោះជាយ៉ាងណាក្ដីនេះគ្រាន់តែជាការលើកឡើងពីមជ្ឈដ្ឋាននានាប៉ុណ្ណោះ ៕ ដោយៈ បុឹម ពិន