ឮសំឡេងឆ្កែព្រូសនាំគ្នារត់ទៅមើលឃើញជ្រូកព្រៃ១ក្បាលស្ទុះមកខ្វេះស្លាប់១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់ត្រូវបានសត្វជ្រូកព្រៃ១ក្បាលខ្វេះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលគាត់ឮសំឡេងសត្វឆ្កែរបស់ព្រូសផ្នែកខាងក្រោយផ្ទះ ប៉ុន្តែជាអកុសលសត្វជ្រូក១ក្បាលនោះ ងាកពីប្រយុទ្ធជាមួយសត្វឆ្កែ បកមកប្រហាគាត់បណ្ដាលឲ្យរងគ្រោះបែបនេះ ។

ហេតុការណ៍ខាងលើបានកើតឡើងម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចច្រាបឈ្នួលផ្នែកខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ស៊ុន វី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា មុនកើតហេតុគេលឺសំលេងសត្វឆ្កែរបស់ជនរងគ្រោះព្រូស ខណៈនោះជនរងគ្រោះរួមទាំងបក្ខពួក២នាក់ទៀតនាំគ្នាទៅមើល ក៏ឃើញសត្វជ្រូកព្រៃ១ក្បាលធំកំពុងប្រយុទ្ធជាមួយក្រុមសត្វឆ្កែរបស់គាត់ ខណៈនោះបម្រុងនាំគ្នាវាយសត្វជ្រូក ប៉ុន្តែត្រូវបានសត្វជ្រូកស្ទុះមកបុក និងខ្វេះបណ្ដាលឲ្យរងរបួស បន្ទាប់មកបានស្លាប់បាត់បង់ជីវិតបែបនេះ រួចបោលចូលព្រៃបាត់ស្រម៉ោល សូម្បីតែអ្នកទៅជាមួយជួយក៏មិនទាន់ផង ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print