ក្រោយព្រះរាជទាយាទ ប៊ីន សាលម៉ែន ដឹកនាំ ប្រទេស ស្ត្រីអារ៉ាប៊ី សាអូឌិត ទទួលបានសិទ្ធិកាន់តែច្រើនឡើង ដោយកន្លងមក ព្រះអង្គអនុញ្ញាតឲ្យស្ត្រីអាចបើកបររថយន្តដោយខ្លួនឯង អាចចេញទៅក្រៅប្រទេសដោយខ្លួនឯង… ហើយពេលនេះ ទទួលបានសិទ្ធិក្នុងការចូលបម្រើកងទ័ពទៀតផង។
ក្រសួងការពារជាតិ អារ៉ាប៊ី សាអូឌិន បានប្រកាសអនុញ្ញាតឲ្យស្ត្រី មានសិទ្ធិចូលរួម ក្នុងកម្លាំងប្រដាប់អាវុធ ជាមួយប្រុសៗ។ នេះគឺជាការកែទម្រង់ថ្មីមួយទៀត សម្រាប់ ប្រទេសតំបន់ឈូងសមុទ្រ សម្បូរប្រេង មួយនេះ ។ ស្ត្រីអារ៉ាប៊ីសាអូឌិន ទទួលបានសិទ្ធ ក្នុងការរស់នៅ និងធ្វើការកាន់តែច្រើន អាចជួយដល់ស្ត្រីមានជីវភាពរស់នៅល្អប្រសើរជាងមុន។
សារព័ត៌មាន Arab News នៅថ្ងៃទី២៧ខែកុម្ភៈបានផ្សាយថា ស្ត្រីក្នុងប្រទេសនេះ នឹងទទួលបានការជ្រើសរើស ចូលរួមបម្រើកងទ័ពនៅគ្រប់ជាន់ថ្នាក់ និងកម្លាំងគ្រូពេទ្យយោធា ។ ប៉ុន្តែស្ត្រីទាំងនោះនឹងត្រូវ ផ្តល់ប្រវត្តិរូបច្បាស់លាស់ មានសុខភាពល្អ ទើបអាចបម្រើកងទ័ពបាន ។ ស្ត្រីដែលអាចចូលបម្រើកងទ័ពបានមានអាយុចាប់ពី២១ ដល់៤០ឆ្នាំ មានកម្ពស់ចាប់ពី ១,៥៥ម៉ែត្រឡើងទៅ មានចំណេះដឹងចាប់ពីមធ្យមសិក្សាឡើង ។ ចំណែកស្ត្រីដែលបានរៀបការជាមួយជនបរទេសមិនអនុញ្ញាតឲ្យចូលបម្រើកងទ័ពឡើយ។
ការពិត ស្ត្រីទទួលបានការអនុញ្ញាតឲ្យចូលបម្រើក្នុងកងទ័ពចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ គឺជាពេលវេលា ដែល រដ្ឋាភិបាលទីក្រុង Riyadh អនុម័តច្បាប់ ថ្មីឲ្យស្ត្រីមានសិទ្ធិ ចុះបញ្ជីសំបុត្រកំណើតកូន ចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ លែងលេះគ្នា និងអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសដោយមិនចាំបាច់មានមនុស្សប្រុស ក្នុងគ្រួសារធ្វើដំណើរជាមួយ។
តាំងពីដើមមកស្ត្រីនៅក្នុងប្រទេសនេះ ត្រូវរស់នៅអាស្រ័យលើបុរស ហើយការងារធ្វើក៏មិនមានភាពទូលំទូលាយផងដែរ ដោយអនុញ្ញាតឲ្យធ្វើត្រឹមតែគ្រូបង្រៀន និងកិច្ចការរបស់រដ្ឋតែប៉ុណ្ណោះ ។ ប៉ុន្តែចាប់តាំងពីព្រះរាជទាយាទ Mohammed bin Salman ឡើងកាន់អំណាច បាននាំមកនៅការផ្លាស់ប្តូរជាច្រើន ពិសេសគឺផ្តល់សិទ្ធិ ដល់ស្ត្រី និងកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាតិ ៕
រូបភាព៖ Irish Times