ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១ ខែមិីនា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញការគ្រប់គ្រងមុខសញ្ញាកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរបស់យើងគ្រប់គ្រងមុខសញ្ញានេះបានយ៉ាងល្អប្រសើរ ខណៈនៅរាជធានីភ្នំពេញមានទីតាំងចំនួន៧៨ដែលយើងបាននិងកំពុងគ្រប់គ្រង ដោយបិទការចេញចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អាជ្ញាធររាជធានីជាមួយនឹងគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យើងអនុវត្តការងារនេះបានយ៉ាងល្អ ដោយមិនបានបិទរាជធានីភ្នំពេញទាំងមូលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសនោះទេ គឺយើងបានបិទតែទីតាំងដែលប្រឈមខ្លាំងតែប៉ុណ្ណោះ ហើយសេដ្ឋកិច្ចរបស់យើងនៅរក្សាដដែល។
លោកឃួង ស្រេង បានបន្តថា៖ ការអនុវត្តការងារបានយ៉ាងល្អ និងជោគជ័យកន្លងមកនេះ គឺដោយសារតែកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់របស់យើងបានបំពេញការងារដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ទៅតាមការណែនាំរបស់សម្ដេចតេជោ។ តែអ្វីដែលជាកត្តាជោគជ័យបំផុតនោះគឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខណៈដែលក្រុមការងារទៅយកមុខសញ្ញាដែល ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះ ប្រជាពលរដ្ឋក្បែរខាង តែងបានផ្តល់ព័ត៌មានជុំវិញជនសង្ស័យទាំងនោះថាជនសង្ស័យនោះបានទៅទីនេះ ទីនោះ ដែលអាចឱ្យយើងគ្រប់គ្រងមុខសញ្ញានេះបានល្អនិងជោគជ័យ ពោលគឺកាលពីថ្ងៃទី២៤ កុម្ភៈ អ្នកមានវិជ្ជមានកូវីដ–១៩នៅរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ១ថ្ងៃមានរហូតដល់៦៥នាក់ តែសម្រាប់ថ្ងៃទី០១ មិីនានេះ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបានថយចុះមកត្រឹមចំនួនតែ៩នាក់ប៉ុណ្ណោះ។
ការលើកឡើងខាងលើនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលនិងពិភាក្សា
ការងារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងជាប្រធានក្រុមប្រឹក្សាធនាគារ Wing នាព្រឹកថ្ងៃទី១មិីនានេះ ខណៈដែលអ្នកឧកញ៉ា គិត ម៉េងប្រគល់ថវិកា ១០០.០០០(ដប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) នៅសាលារាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា មូលនិធិនេះជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដល់ជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញដែលមានជីវភាពនៅមានកម្រិតឱ្យទទួលបានការហូបចុក និងការរស់នៅដោយសមរម្យ។
ក្នុងឱកាសនោះដែរអ្នកឧកញ៉ាគិត ម៉េង បានអរគុណចំពោះការដឹកនាំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនិងបណ្តាខណ្ឌទាំង១៤ ដែលបានជួយគិតគូរពីសុខទុក្ខ និងសុខភាពពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងម៉្យាងទៀត ក៏ជួយសម្របសម្រួលដល់វិស័យឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញផងដែរ៕
សំរិត