កម្លាំងទាហានមីយ៉ាន់ម៉ា ស្នើដល់កម្លាំងសន្តិសុខមិនត្រូវបាញ់គ្រាប់ពិតលើបាតុករឡើយ

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើដល់កម្លាំងសន្តិសុខ មិនត្រូវ ប្រើប្រាស់គ្រាប់ពិតបាញ់ទៅលើក្រុមបាតុករឡើយ។ សារព័ត៌មាន Bloomberg បានផ្សាយថា កម្លាំងសន្តិសុខនឹងត្រូវទទួលខុសត្រូវពីការបាញ់ទៅលើពលរដ្ឋបណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់សិបនាក់។

តាមការប្រកាសរបស់ថ្នាក់ដឹកនាំយោធាតាមប្រព័ន្ធផ្សព្វផ្សាយដែលយោធាគ្រប់គ្រងបានបញ្ជាក់ថា កម្លាំងសន្តិសុខមិនត្រូវបាញ់គ្រាប់ពិតទៅលើពលរដ្ឋនោះឡើយ ។ សកម្មភាពខាងលើកើតឡើង ក្រោយអង្គការសហប្រជាជាតិ ប្រកាសថាមានបាតុករ១៨នាក់ស្លាប់ និងជាង៣០នាក់រងរបួស ដោយការប្រើហិង្សាពីសន្តិសុខមីយ៉ាន់ម៉ា ក្នុងការបង្ក្រាបបាតុករ។
នៅពេលនេះដែរកម្លាំងទាហានមីយ៉ាន់ម៉ា បានបញ្ជាក់ថា មាន បាតុករជាង១៣០០នាក់ត្រូវបានចាប់ខ្លួន ពេលចូលរួមបាតុកម្មនៅថ្ងៃទី១ខែមីនា ។ នៅថ្ងៃ ទី២ ខែមីនានេះ ពលរដ្ឋជាច្រើនបន្តធ្វើបាតុកម្ម បន្ទាប់ពីតុលាការមីយ៉ាន់ម៉ា ចោទប្រកាន់បន្ថែមទៅលើលោកស្រី អោងសាន ស៊ូជី ហើយត្រូវឃុំខ្លួនលោកស្រីស៊ូជី ក្នុងរយៈពេលយូរ។
នៅពេលនេះដែរសហគមន៍អន្តរជាតិ បានដាក់គំនាបយ៉ាងខ្លាំង ទៅលើយោធាមីយ៉ាន់ម៉ា ដែលបានប្រើហិង្សាទៅលើបាតុករ ។ អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនបានថ្កោលទោសយ៉ាងខ្លាំង ដល់យោធាមីយ៉ាន់ម៉ា ។ នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ា មិនត្រូវបាញ់ទៅលើក្រុមបាតុករឡើយ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបើកកិច្ចប្រជុំអនឡាញ នៅថ្ងៃទី ២ខែមីនា ស្តីពីបញ្ហាមីយ៉ាន់ម៉ា។ អាស៊ានបានគោរព ទៅលើច្បាប់ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ក្នុងនោះមានមីយ៉ាន់ម៉ាជាដើម ហើយអាស៊ានមិនទាន់មានប្រតិកម្មខ្លាំងណាមួយទៅលើការធ្វើរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយ។
កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានចាត់ទុកការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។ ចំណែកប្រទេស ឥណ្ឌូនេស៊ីក៏បានអំពាវនាវដល់កម្លាំងទាហានរក្សាការអត់ធ្មត់ មិនត្រូវប្រើហិង្សាទៅលើបាតុករឡើយ៕ដោយ សាធី

...

រូបភាព៖ EPA-EFE

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print