នៅថ្ងៃទី ២ ខែមីនា ម៉ាឡេស៊ីបានស្នើ សមាគមន៍អាស៊ាន បង្កើតក្រុមជំនាញបោះឆ្នោត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ និងដោះស្រាយ រាល់ការចោទប្រកាន់ពាក់ព័ន្ធ ការបោះឆ្នោត ដែលយោធាមីយ៉ាន់ម៉ាលើកឡើង ក៏ជាមូលហេតុដែលនាំឲ្យមានរដ្ឋប្រហារផងដែរ ។
ការបោះឆ្នោតនៅមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវកម្លាំងយោធាចោទថា មិនមានតម្លាភាព ហើយគណបក្សកាន់អំណាចមិនព្រមដោះស្រាយ។ ទាំងនោះហើយទើបមានរដ្ឋប្រហារ ដើម្បីជាការរៀបចំឡើងវិញ។ នៅពេលនេះម៉ាឡេស៊ីបានស្នើរបង្កើតគណៈកម្មការជំនាញការបោះឆ្នោតទៅជួយដោះស្រាយរាល់វិវាទទាំងនោះ ។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន អនឡាញ នៅថ្ងៃទី២ខែមីនា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammuddin Hussein បានអំពាវនាវដោះលែងលោកស្រីអោងសាន ស៊ូជី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។ លោកបន្តទៀតថា អ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាការដើរថយក្រោយនៃសន្តិភាព ស្ថិរភាព ក្នុងតំបន់ ។
អាស៊ានដែលប្រកាន់ភ្ជាប់នូវគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» នៃបណ្ដាប្រទេសជាសមាជិក ធ្លាប់បានជំរុញជាច្រើនលើកឱ្យមានកិច្ចសន្ទនារវាងលោកស្រី ស៊ូ ជី និងរដ្ឋាភិបាលយោធា សំដៅរកដំណោះស្រាយនយោបាយមួយ ដើម្បីបិទបញ្ចប់វិបត្តិសព្វថ្ងៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ថា ការអំពាវនាវដោយមិនមានការដាក់សម្ពាធ ពីប្លុកអាស៊ីអាគ្នេយ៍មួយនេះ ទំនងជាមិនអាចបញ្ចុះបញ្ចូលឱ្យយោធាមីយ៉ាន់ម៉ា ព្រមបកក្រោយវិញនោះឡើយ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង នៅតែអះអាងដដែលថា ខ្លួនប្តេជ្ញានឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយប្រគល់អំណាចដល់គណបក្សណា ដែលបានឈ្នះឆ្នោតយ៉ាងពិតប្រាកដ។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទពិតប្រាកដ នៃការរៀបចំតាមការសន្យានេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយ ខណៈការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានសម្រេចអនុវត្តរយៈពេល ០១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕
រូបភាព៖ Straits Times