ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានរហូតដល់៣សប្តាហ៍ដោយមានបញ្ហារបួសសាច់ដុំភ្លៅខាងឆ្វេងមានន័យថា គាត់នឹងខកខានការប្រកួតជម្រុះពានរង្វាន់ Europa League ទល់នឹងអតីតក្រុមរបស់គាត់គឺបិសាចក្រហម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
សារព័ត៌មាន BBC Sport បានចេញផ្សាយកាលពីថ្ងៃទី២ ខែមីនាថា កីឡាករវ័យ៣៩ឆ្នាំដែលរកបាន២៩គ្រាប់ក្នុង៥៣ប្រកួតពេលចូលរួមជាមួយក្រុមបិសាចក្រហមត្រូវបានប្តូរចេញនៅនាទីទី៥៦ នៃជ័យជម្នះ ២-១ របស់ក្រុម AC Milan លើក្រុម Roma កាលពីថ្ងៃអាទិត្យកន្លងទៅ។
ការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយនឹងត្រូវប្រកួតនៅថ្ងៃទី១១ ហើយការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនាខាងមុខ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovicរកបាន១៦គ្រាប់ក្នុង២១ប្រកួតនៅក្លិប AC Milan។ បច្ចុប្បន្នក្រុម AC Milan ឈរនៅលេខ២ នៅអ៊ីតាលី Serie A ចាញ់៤ពិន្ទុ ពីក្រុមគូប្រជែង កំពូលតារាង Inter Milan ៕ដោ៖ភារៈ