រឿងនិទានបរទេស÷ រឿងព្រាហ្មណ៍ និង​ឆ្កែ

ចែករំលែក៖

រឿង​នេះ ជារឿងព្រេងភូមាមាន​យូរ​អង្វែង​ណាស់​មក​ហើយ ។ គឺ​ក្នុង​សករាជ​ព្រះ​ពុទ្ធ​ធូម៉ាណា (Thoumana)ទី ១៣ ។ មាន​ព្រហ្មណ៍​ម្នាក់​ ឈ្មោះ អាហ៍មន់ដា ( Ahmanda) ដែល​រស់​នៅ​ក្នុង​ស្រុក ស៊ីកាមា (Jikama) ។ ថ្ងៃ​មួយ​នៅ​ពេល​ដែល​ព្រះ​សុរិយា​ហៀប​អស្ដង្គត​រលត់​ទៅ ព្រាហ្មណ៍​នោះ​បាន​ឃើញ​ឆ្កែ​សំគម​មួយ​ដែល​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​ដែរ ឆ្កែ​នេះ គឺ​ជា​ឆ្កែ​ព្រៃ​កំសត់​ចាស់​ជរា​រោម​រុះ​គ្មាន​សល់ កម​រមាស់​ពេញ​ខ្លួន ដែល​លួច​ចូល​ទៅ​ក្នុង​ទី​ក្រុង​ក្នុង​វេលា​ថ្ងៃ ដើម្បី​រក​អាហារ​ក្រៀម​ក្រោះ ដែល​អ្នក​ស្រុក​បោះ​ចោល​ក្នុង​សំរាម​តាម​ផ្លូវ ។ ដល់​ពេល​ព្រលប់​ដោយ​ខ្លាច​គេ​វាយ វា​ក៏​រត់​ទៅ​កាន់​ព្រៃ​ដែល​ធ្លាប់​នៅ ។

អាហ៍មន់ដា ( Ahmanda) ភ្លេច​គិត​ដល់​ពាក្យ​ទូន្មាន​ព្រះ​ពុទ្ធ​ក៏​កាន់​ថ្មោង​មួយ​យ៉ាង​ធំ​នៅ​ដៃ រត់​ដេញ​តាម​ឆ្កែ​នោះ​ទៅ ដោយ​ឥត​ពិចារណា​បន្តិច​សោះ ។ ឯ​ឆ្កែ​នោះ​ភ័យ​តក់​ស្លុត​នឹង​ការ​ប្រហារ​នេះ ក៏​ឈប់​រត់​ហើយ​និយាយ​ថា « ឱ​ព្រាហ្មណ៍ ! បើ​លោក​សំឡាប់​ខ្ញុំ តើ​លោក​បាន​ផល​ប្រយោជន៍​អ្វី ? ខ្ញុំ​សុំ​ចិត្ត​លោក សុំ​លោក​កុំ​សម្លាប់​ខ្ញុំ​ធ្វើ​អ្វី ហើយ​ខ្ញុំ​សុំ​សន្យា​ថា ខ្ញុំ​នឹង​ជូន​មាស ២ ពាន់​ត្រណោត​ដល់​លោក » ។ ឯ​ព្រាហ្មណ៍​ភ្លេច​គិត​ដល់​សាសនា​ព្រះ​ពុទ្ធ​បែរ​ចិត្ត​ទៅ​រក​គ្រឿង​តំរេក ភ្លេច​គិត​ដល់​សេចក្ដី​អំនួត​ដ៏​អាក្រក់ នៅ​នា​លោក​នេះ ក៏​ឆ្លើយ​នឹង​ឆ្កែ​វិញ​ថាៈ « ល្អ​ណាស់ អញ​សុខ​ចិត្ត អញ​មិន​សម្លាប់​ឯង​ទេ ប៉ុន្តែ​ឯង​ត្រូវ​ឲ្យ​របស់​ដែល​ឯង​សន្យា​នោះ​មក​អញ​ឲ្យ​ឆាប់»។ « ឱព្រាហ្មណ៍ ! តើ​ឲ្យ​ខ្ញុំ​ជូន​មាស​នោះ​មក​លោក​នៅ​ទី​នេះ​ម្ដេច​បាន ? ខ្ញុំ​ឥត​ជាប់​មក​ជា​មួយ​ផង​ទេ, បើ​ដូច្នោះ អ្នក​ចូរ​បី​ខ្ញុំ​ទៅ​ឯ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​នៅ​ក្នុង​ព្រៃ​ឯ​ណោះ​ទើប​បាន គឺ​នៅ​ព្រៃ​ឯ​ណោះ​ទេ​ដែល​ខ្ញុំ​លាក់​កំណប់​របស់​ខ្ញុំ, លុះ​កាល​ណា​ទៅ​ដល់​ហើយ ខ្ញុំ​នឹង​ទៅ​យក​មក​ជូន​លោក​ភា្លម​ឲ្យ​គ្រប់​ចំនួន ។ ព្រាហ្មណ៍​ថា « នែ​បង​ឆ្កែ បើ​អញ​បី​សត្វ​តិរច្ឆាន​ដូច​ឯង​នេះ តើ​អ្នក​ដំនើរ​ផង​ទាំង​ពួង​គេ​និន្ទា​អញ​យ៉ាង​ណា​ទៅ ? » ។ ឆ្កែ​ថា « បើ​ដូច្នោះ រុំ​ខ្ញុំ​ក្នុង​អាវ​របស់​លោក រួច​លើក​ខ្ញុំ​លី​ខ្ញុំ​លើ​ល្មា​ទៅ បើ​អ្នក​ណា​មើល​ឃើញ ទៀង​តែ​នឹក​ស្មាន​ថា លោក​លី​កូន​ឬ​លី​ចៅ​របស់​លោក​មិន​ខាន » ។ ឯ​ព្រាហ្មណ៍​ដោយ​មាន​ចិត្ត​លោភ​ចង់​បាន​មាស ២ ពាន់​ត្រណោត​ ដែល​គាត់​ឃើញ​នៅ​ក្នុង​កណ្ដាប់​ដៃ​គាត់​ទៅ​ហើយ ក៏​ព្រម​ព្រៀង​ធ្វើ​តាម​ពាក្យ​ឆ្កែ​បង្គាប់ គាត់​រុំ​ឆ្កែ​នោះ​ក្នុង​អាវ​របស់​គាត់​ហើយ ក៏​លើក​ដាក់​លើ​ស្មា​រួច​ដើរ​ត្រង់​ទៅ​មុខ ដោយ​មាន​ជំហាន​នោះ​វែង ៗ ចូល​ទៅ​ក្នុង​ព្រៃ ។

លុះ​ដល់​កន្លែង​ឆ្កែ​ដែល​សំណាក់​នោះ ៗ ឆ្កែ​ក៏​បាន​ប្រាប់​ហើយ​ក៏​និយាយ​ទៅ​កាន់​ព្រាហ្មណ៍​ថាៈ «ឱ​ចៅហ្វាយ​ម្ចាស់ នៅ​ចាំ​ខ្ញុំ​ត្រង់​កន្លែង​នេះ​មួយ​ស្របក់​សិន ខ្ញុំ​ទៅ​យក​មាស ២ ពាន់​ត្រណោត រួច​ខ្ញុំ​យក​មក​ជូន​លោក​ភ្លាម ដើម្បី​ជា​រង្វាន់​ដល់​លោក ដោយ​លោក​មាន​ចិត្ត​ល្អ​នឹង​ខ្ញុំ ! ថា​ហើយ​ឆ្កែ​នោះ ក៏​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​យ៉ាង​រហ័ស​ដោយ​ឥត​ងាក​ក្រោយ​បន្តិច​ឡើយ ។

ឯ​ព្រាហ្មណ៍​ក៏​រង​ចាំ​នៅ​កន្លែង​នោះ​ទាល់​តែ​យប់ ឥត​មាន​ឃើញ​ឆ្កែ​នោះ​ត្រឡប់​មក​វិញ​សោះ ។ រួច​គាត់​ក៏​ប្រះ​ដេក​ទៅ​លើ​ពសុធា នៅ​ត្រង់​កន្លែង​នោះ​អស់ ១ យប់ លុះ​ព្រឹក​ឡើង ដោយ​ឥត​បាន​ផល​អ្វី​សោះ ។

ក្រោយ​មក មាន​អ្នក​ដំណើរ​ម្នាក់​ដើរ​តាម​ផ្លូវ​នោះ លុះ​បាន​ឃើញ​ព្រាហ្មណ៍​ឈរ​នៅ​ស្ងៀម​ភ្នែក​ចោល​ជាប់​ទៅ​ត្រង់​កន្លែង​ដែល​ឆ្កែ​ដើរ​ចេញ​ទៅ​នោះ ក៏​សាក​សួរ​ទៅ​ព្រាហ្មណ៍​ថា តើ​អ្នក​រង​ចាំ​អ្វី ។ ព្រាហ្មណ៍​ក៏​និយាយ​ប្រាប់​រឿង​ហេតុ​ទាំង​អស់ អំពី​ហេតុ​ដែល​គាត់​ខាន​សំឡាប់​ឆ្កែ​នោះ នឹង​អំពី​មាស ២ ពាន់​ត្រណោត​ដែល​ឆ្កែ​បាន​សន្យា​ថា​ឲ្យ ។ ឯ​អ្នក​ដំណើរ​នោះ​និយាយ​ដោយ​ទ្រគោះ​ថាៈ « អ្នក​ឯង​ឆ្កួត​ជាង​ឆ្កែ​នោះ​ទៅ​ទៀត, ហេតុ​ម្ដេច​បាន​ជា​អ្នក​ឯង​ឆាប់​ជឿ​ពាក្យ​របស់​ឆ្កែ​តិរច្ឆាន​ដែល​មិន​ចេះ​រក​កំទេច​អាហារ​ខ្លួន​ឯង​បាន​ផង​នោះ ? ឯ​កិច្ច​ដ៏​ប្រសើរ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ចូរ​អ្នក​កុំ​អួត​ងាង​ថា​គ្រាន់​បើ ! » ។

ព្រាហ្មណ៍​ក៏​សុខ​ចិត្ត ប្រព្រឹត្ត​តាម​ដំបូន្មាន​ដ៏​ប្រសើរ​នេះ​ដោយ​អៀន​ខ្មាស​ផង ប៉ុន្តែ​ដោយ​បាន​ជា​ស្បើយ​អំពី​កំហុស​របស់​ខ្លួន​ហើយ​បាន​ធ្វើ​តាម​ដំបូន្មាន​អ្នក​ប្រាជ្ញ​ធូដាម្មាសារី ( Thou damma Sari ) ដែល​គេ​តែង​និយាយ​មិន​ដែល​ឈប់​ថាៈ

« មនុស្ស​ណា ដែល​ចង់​បាន​នាម​ឲ្យ​ពេញ​ជា​មនុស្ស​ឆ្លាត តោង​ប្រុង​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​ដែល​មិន​សម, មុន​នឹង​ទុក​ចិត្ត​អ្នក​ណា​មួយ​តោង​ថ្លឹង​ឲ្យ​ល្អិត រួច​តោង​គិត​មើល​ដំឡៃ​ពិត​នៃ​ការ​សម្ងាត់ ដែល​អ្នក​ត្រូវ​ជ្រើស, បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ធ្លាក់​ខ្លួន​ដូច​ព្រាហ្មណ៍​នេះ​ដែល​សត្វ​ឆ្កែ​កំសត់ បាន​លូក​លេង​ហើយ​បាន​ទាំង​បំបែរ​ឲ្យ​ទៅ​ជា​ល្បែង​សើច​ផង៕
“ជន​ណា​ទុក​ចិត្ត​មនុស្ស​ទើប​ស្គាល់ចាស់​លោក​ហ៊ាន​ភ្នាល់​គង់​ត្រូវ​បោក”

...

ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print