ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកហើយដែលតារាសម្តែងប្រុសមីយ៉ាន់ម៉ា លោក Paing Takhon បានបាត់ខ្លួនក្រោយពីលោក និងសិល្បករជាច្រើនទៀតនៅប្រទេសនេះត្រូវបានគេចខ្លួនពីការតាមឃាត់ខ្លួនក្រោយចេញមុខធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនៅប្រទេសរបស់ខ្លួន។ នៅកម្ពុជាឯណេះវិញលោក លៀក លីដា បានទម្លាយរឿងខាតបង់ប្រាក់ច្រើនសន្ធឹកលើការផលិតរឿង នាឡិកាដាស់វិញ្ញាណ វគ្គ២ ខណៈដែលលោកក៏បានបួងសួងឲ្យប្រទេសមីយ៉ាន់ម៉ានេះវិលមករកភាពប្រក្រតីវិញ។
គេនៅចាំបានថា កន្លងទៅផលិតកម្មបានប្រកាសថាគម្រោងថតខ្សែភាពយន្តខ្នាតធំរឿង នាឡិកាដាស់វិញ្ញាណ វគ្គ២ ឬ The Clock Red Wall គឺជាគម្រោងផលិតខ្សែភាពយន្តទ្រង់ទ្រាយធំមិនធ្លាប់មានសម្រាប់ផលិតកម្ម LD Picture ប៉ុន្តែគម្រោងនេះត្រូវបានជាប់គាំង និងខាតបង់ប្រាក់មិនធ្លាប់ជួបសម្រាប់ផលិតកម្មផងដែរព្រោះតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ខណៈនេះដែរតារាសម្តែងជាតួឯកប្រុសជនជាតិមីយ៉ាន់ម៉ាក្នុងខ្សែភាពយន្តនេះគឺលោក Paing Takhon ស្រាប់តែបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្រោយពីលោកចាប់ផ្តើមចេញមុខយ៉ាងសស្រាក់សស្រាំក្នុងមហាបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានោះ។
ថ្លែងដោយក្តីអស់សង្ឃឹម ដោយការបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានលើកឡើងថា “រឿងនាឡិកាដាស់វិញ្ញាណ ភាគ២ ឬជញ្ជាំងក្រហម គម្រោងនេះអាចនិយាយបានថាជាគម្រោងទីមួយរបស់ខ្ញុំដែលបរាជ័យ ហើយខាតទុនច្រើនបំផុតដោយសារយើងជួបបញ្ហាកូវីដ និងប្រទេសមីយ៉ាន់ម៉ាមានសង្គ្រាម ហើយតួឯកប្រុស Paing Thakon ក៏ត្រូវបាត់ខ្លួន ។ លោកបន្តថា គម្រោងនេះវាពិតជាសំខាន់ណាស់សម្រាប់ផលិតករខ្មែរ តែទោះសំខាន់យ៉ាងណាក៏សំខាន់មិនស្មើសន្តិសុខរបស់មនុស្សជាតិរាប់លាននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាដែរ , pray for them , pray for Paing Takhon , សូមទស្សនា video ពីរបៀបផលិតរឿងនាឡិកាដាស់វិញ្ញាណ វគ្គ២ ដែលយើងថតបានតែ១០%នៃសាច់រឿង ព្រោះយើងប្រហែលជាគ្មានសំណាងបញ្ចប់វាទេ។ ភ្ជាប់ដោយសំណេរ និងរូបថត វីដេអូនៃសកម្មភាពផលិតកាន់តែធ្វើឲ្យអ្នកគាំទ្រស្នាដៃផលិតកម្មនាំមុខមួយនេះសង្វេគខ្លោចចិត្តអាណិតទាំងផលិតករ និងសិល្បករដែលបានរួមគ្នាផលិតខ្សែភាពយន្តដ៏មានគុណភាពនេះ។ ក្នុងនេះដែរក៏មានសិល្បករជាច្រើនដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះបានផ្ញើសារចូលរួមសោកស្តាយ ដែលខ្សែភាពយន្តនេះមិនអាចបញ្ចប់ការផលិតបានដូចការគ្រោងទុក ព្រោះតែខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងជារបត់ថ្មីសម្រាប់ផលិតកម្មពិសេសវិស័យភាពយន្តនៅកម្ពុជាព្រោះតែការបញ្ចេញទាំងទុនចំណាយលើការថត សាងសង់
ស្ទូតយោ សហការផលិតជាមួយផលិតករមកពីបរទេស និងប្រមូលផ្តុំដោយសិល្បករលំដាប់អន្តរជាតិ ដែលគេធ្លាប់គិតស្រមៃដែរថានឹងក្លាយជាស្នាដៃដែលអាចនាំទៅចាក់បញ្ចាំងនៅតាមបណ្តាប្រទេសជាច្រើននោះ និងជាឱកាសពង្រីកវិសាលភាពនិងបង្ហាញពីសក្ដានុពលនៃវិស័យភាពយន្តនៅកម្ពុជាផងដែរ។
គេនៅមិនទាន់ដឹងនៅឡើយទេថា តើខ្សែភាពយន្តនេះអាចនឹងបន្តការផលិតបានដែរឬយ៉ាងណាទេ ខណៈដែលជួបវិបត្តិផ្ទួនៗទាំងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ផង ស្របពេលដែលតួឯកក្នុងខ្សែភាពយន្តនេះលោក Paing Thakon បានបាត់ខ្លួនក្រោយពីក្រុមគ្រួសារលោកបានប្រកាសស្វែងរកសមាជិកគ្រួសារ ។ លោក Paing Thakonបានចាប់ផ្តើមលេចមុខចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ដើម្បីចេញតវ៉ាជាមួយក្រុមបាតុកម្មគាំទ្ររដ្ឋាភិបាលរបស់អ្នកស្រីអោងសាន ស៊ូជី ក្រោយអ្នកស្រីត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំឃាំងនោះ៕