ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីស្រី្តម្នាក់បានប្រឌិតរឿងថា មានចោរ៣នាក់ ប្រដាប់ដោយកាំភ្លើងនិងកាំបិត បានសម្រុកចូលទៅភ្ជង់ប្លន់យកទ្រព្យគាត់អស់គ្មានសល់ កាលពីព្រលឹមថ្ងៃទី០៤ មីនា ម្សិលមិញនេះ។ តែក្រោយពេលសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានស្រាវជ្រាវដឹងថាមិនពិត បែរជាស្រី្តរូបនេះលើកដៃសំពះសូមទោសជាសាធារណ: ដល់មហាជននិងសមត្ថកិច្ចថា «តាមពិតគ្មានករណីប្លន់ស្អីនោះទេ គឺខ្ញុំបានប្រឌិតរឿងព្រោះខ្ញុំបានលក់មាស និងចាយលុយអស់ និងដោយខ្លាចប្ដីដឹង ក៏ប្រឌិតថា ចោរឡើងប្លន់ដល់លើផ្ទះ»បែបនេះទៅ ។
ទាក់ទិនរឿងនេះ លោក វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបាត់ដំបងដែលបានចុះស្រាវជ្រាវនិងសួរនាំស្ត្រីប្រឌិតរឿងនេះបានប្រាប់ថា លោកបានសាកសួរស្ត្រីឈ្មោះ ម៉ៅ ចំរើន នេះអស់រយ:ពេលជាច្រើនម៉ោង ដើម្បីចង់ដឹងអំពីសកម្មភាព នៃអំពើប្លន់នេះ។ ប៉ុន្តែក្រោយពីសួរដេញដោលនិងប្រើវិធីតាមចិត្តសាស្រ្តទើបរកឃើញថា គ្មានអំពើប្លន់ទេគឺជាការប្រឌិតរបស់ស្ត្រីរូបនេះ ដើម្បីគេចវែសពីការស្ដីបន្ទោសរបស់ប្ដី ខណ:ដែលខ្លួនលួចលក់គ្រឿងអលង្ការ និងយកលុយទៅចាយវាយប៉ាតណាប៉ាតណីគ្មានសល់។
សូមបញ្ជាក់ថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៤ មីនាឆ្នាំ២០២១ នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែស្ត្រីឈ្មោះ ម៉ៅ ចំរើន អាយុ៣៦ឆ្នាំ បានបង្កឱ្យមានការភ្ញាក់ផ្អើល តាមរយ:ការស្រែកឆោឡោថា មានក្រុមចោរចំនួន០៣នាក់ ដែលគាត់មិនស្គាល់មុខប្រដាប់ដោយកាំភ្លើងខ្លីនិងកាំបិតផង បានសម្រុកឡើងផ្ទះគាត់ ហើយភ្ជង់គំរាមសម្លាប់គាត់ និង ប្លន់យកមាស ប្រាក់គាត់អស់គ្មានសល់ក្នុងនោះមានខ្សែដៃមាសចំនួន០២ខ្សែទម្ងន់១តម្លឹង ខ្សែកប្លាទីន០១ខ្សែ ប្រាក់ខ្មែចំនួន៦០ម៉ឺនរៀល ប្រាក់ថៃចំនួន២ម៉ឺនបាត និង ប្រាក់ដុល្លារចំនួន១០០ដុល្លារ។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅស្រាវជ្រាវនិងបានធ្វើការសន្និដ្ឋានផ្សេងៗគ្នាជុំវិញករណីបប្លន់នេះ។ ប៉ុន្តែនៅព្រលប់ថ្ងៃដដែលទើបរកឃើញការពិតថា ករណីប្លន់នេះ វាជាការប្រឌិតរបស់ស្ត្រីរូបនេះ» បន្ទាប់ពីមន្ត្រីសាច់ការហៅស្ត្រីរូបនេះមកជជីកសួរដេញដោលយ៉ាងយូរទើបធ្លាយរឿងថាស្ត្រីរូបនេះជំពាក់បំណុលគេច្រើន ដែលប្ដីមិនបានដឹង ទើបស្ត្រីរូបនេះបង្កើតគំនិតទុច្ចរិតប្រឌិតរឿងថា «ចោរប្លន់យកមាសនិងលុយអស់គ្មានសល់»។ ក្រោយស្រាវជ្រាវរកការពិតឃើញស្ត្រីឈ្មោះម៉ៅ ចំរើន បានលើកដៃសំពះសុំទោសដល់សមត្ថកិច្ចនិងនិយាយថា «ខ្ញុំសុំទោស.. ខ្ញុំបានធ្វើខុស.. ខ្ញុំបានប្រឌិតរឿងចោរឡើងលើផ្ទះប្លន់ប្រដាប់អាវុធ។ រឿងមាសដែលថាបាត់នោះ គឺខ្ញុំបានលក់តាំងពីខខែមករាយកលុយទៅចាយវាយនិងសងគេអស់ហើយ៕