ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបានឃាត់ខ្លួនមេខ្យល់ម្នាក់ដែលនាំពលករប្រុស-ស្រី៦នាក់ឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់នៅវេលាម៉ោង៥និង១០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅប្រមាណ៨០០ម៉ែត្រ ពីភូមិខ្វាវ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកស្វាយចេកលោកវរសេនីយ៍ឯក ជា ឈ្លូញបានប្រាប់ថា តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ដែលកំពុងគេចវេសធ្វើចត្តាឡីស័កបង្ការទប់ស្កាត់កូវីដ១៩ មិនអោយឆ្លងរីករាលដាលកូវីដ១៩ ក្នុងសហគមន៍ កម្លាំងត្រូវពង្រឹងការចេញចូលតាមច្រកទ្វារព្រំដែនយ៉ាងចាំបាច់។
ដោយហេតុនេះហើយទើបកម្លាំងកម្លាំងនគរបាលមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកបានចេញល្បាតតាមបន្ទាត់ព្រំដែនហើយបានប្រទះឃើញប្រជាពលរដ្ឋចំនួន៦នាក់ ស្រី៣នាក់ មានសាក់កាដូដាក់សម្លៀកបំពាក់កំពុងជិះគោយន្តកន្ត្រៃ១គ្រឿង ឆ្លងកាត់ព្រៃឆ្លងដែនចូលទៅប្រទេសថៃក៏ត្រូវបានឃាត់ខ្លួន រួមជាមួយមេខ្យល់ម្នាក់ផង ។
លោកបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់តាមរយៈមេខ្យល់រួចមកកម្លាំងបានបញ្ជូនអ្នកទាំងអស់នេះទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសាកសួរនិងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ ដោយឡែកមេខ្យល់ម្នាក់ឈ្មោះ ទឿង សុភាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការគរ ឃុំ/ស្រុកស្វាយចេក ដែលចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕