ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រែប្រួលកាន់តែខ្លាំង បន្ទាប់ពីការដឹកនាំបែបប្រជាធិបតេយ្យពីរដ្ឋាភិបាលដែលបានកើតឡើងដោយការបោះឆ្នោតពីពលរដ្ឋបានតែមួយរយៈពេលប៉ុណ្ណោះក៏ត្រូវយោធាធ្វើរដ្ឋប្រហារ ដណ្តើមយកអំណាចមកគ្រប់គ្រងវិញ។
ជាថ្មីម្តងទៀតពលរដ្ឋមីយ៉ាន់ម៉ា ដែលមានទស្សនជាតិនិយម និងគាំទ្ររបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យបានប្រឆាំងយ៉ាងដាច់ខាតដល់ការដឹកនាំប្រទេសរបស់យោធា។ ទាំងនោះហើយបានជាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ មកទល់ពេលនេះ ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងយោធា។ បាតុកម្មបណ្តាលឲ្យមនុស្សជិត១០០នាក់ស្លាប់ ដោយការប្រើហិង្សាបង្ក្រាបពីកម្លាំងយោធា។ បើទោះជារងការវាយប្រហារពីយោធាក្តី ក៏ពលរដ្ឋមីយ៉ាន់ម៉ាមិនបោះបង់ចោលការតស៊ូប្រឆាំងនឹងយោធាឡើយ។ កត្តាទាំងនោះហើយធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើសង្គ្រាមស៊ីវិលអាចនឹងផ្ទុះឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរឬទេ?
ស្ថានភាពអសន្តិសុខបានគ្របដណ្តប់ទូទាំងប្រទេសមីយ៉ាន់ម៉ា ក្រោយពីកម្លាំងយោធាគ្រប់គ្រង ហើយក្រុមបាតុករ ក៏បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសកើនឡើងផងដែរ ។ ក្នុងរយៈពេលត្រឹមតែពីថ្ងៃទី ២៨ខែកុម្ភៈ ដល់ថ្ងៃទី ៤ខែមីនា គឺ៥ថ្ងៃប៉ុណ្ណោះ មានពលរដ្ឋជិត ១០០នាក់ស្លាប់ដោយសារអំពើហិង្សា ។
ដោយឡែក លោកស្រីអោង សាន ស៊ូជី ចាប់តាំងពីត្រូវទាហានចាប់ខ្លួនមកទល់ពេលនេះ មិនដឹងថាយោធាយកទៅឃុំនៅទីណាឡើយ បើទោះបីលោកស្រីបានបង្ហាញវត្តមាន នៅក្នុងតុលាការតាមបែបអនឡាញ កាលពីថ្ងៃទី ១ខែមីនា ដែលយោធាបានរៀបចំឲ្យ។ លោកស្រីរងការចោទប្រកាន់ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះអាសន្ន ការនាំចេញនាំចូល ។ ក្នុងពេលបាតុកម្មប្រឆាំងយោធាកើនឡើងខ្ពស់ លោកស្រីអោងសាន ស៊ូជី និងសម្ពន្ធមិត្ត មានឡើងគម្រោងបង្កើតរដ្ឋាភិបាល បណ្តោះអាសន្ន ដើម្បីប្រឆាំងយោធា។
សកម្មភាពទាំងនោះបង្កក្តីបារម្ភយ៉ាងខ្លាំងប្រសិនបើមីយ៉ាន់ម៉ាមានរដ្ឋាភិបាលពីរនោះ គឺអាចនឹងមាន សង្គ្រាមស៊ីវិលកើតឡើងធ្វើឲ្យប្រទេសនេះធ្លាក់នៅក្នុងស្ថានភាពអាក្រក់បំផុត។
ដើម្បីបញ្ជាក់ពីការវិវឌ្ឍនៃនយោបាយមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នក៏ដូចជាផ្តល់ការព្យាករមួយចំនួនសម្រាប់ស្ថានភាពមីយ៉ាន់ម៉ានាពេលខាងមុខនេះ បណ្តាញព័ត៌មាន VTC News បានសម្ភាសនិងពិភាក្សាជាមួយ សាស្ត្រាចារ្យ ត្រឹង ខាញ និងជានិពន្ធនាយកនៃទស្សនាវដ្តី ស្រាវជ្រាវអាស៊ាន និងជាបណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គមវៀតណាម បានលើកឡើងថា «ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែស្មុគស្មាញ ហើយអាចនឹងមានហានិភ័យជាច្រើនកើតឡើង។ តើគួរវាយតម្លៃពីស្ថានភាពនយោបាយនៅក្នុងប្រទសអាស៊ានមួយនេះបែបណា?
ភាពស្មុគស្មាញនៅក្នុងឆាកនយោបាយមីយ៉ាន់ម៉ា មិនមែនទើបតែកើតឡើងនៅពេលនេះឡើយគឺបានកើតឡើងតាំងពីយូរណាស់មកហើយ ក្នុងពេលផ្លាស់ប្តូររបបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ។ អំណាចរបស់យោធានៅតែបង្ហាញយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាដដែល ។ ការផ្លាស់ប្តូរប្រជាធិបតេយ្យក៏ពិតមែន តែវិស័យយោធាមិនមានការផ្លាស់ប្តូរនោះឡើយ ទាំងនោះហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរនយោបាយដឹកនាំនៅមីយ៉ាន់ម៉ា។
នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ សម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រីអោងសាន ស៊ូជី ទទួលបានការគាំទ្រខ្ពស់បំផុតមិនធ្លាប់មាន ។ លោកស្រីស៊ូជី ចង់ប្រើប្រាស់ការគាំទ្រពីពលរដ្ឋដើម្បីកាត់បន្ថយអំណាចរបស់យោធាបន្តិចម្តងៗ ក្នុងនយោបាយដឹកនាំ។ ចំណុចទាំងនោះ គឺជាការផ្ទុយនឹងផលប្រយោជន៍របស់យោធា ។
ដើម្បីការពារផលប្រយោជន៍ យោធានឹងមិនបន្ធូរដៃចំពោះបាតុករនោះឡើយ។ ចំណែកក្រុមបាតុករវិញ ក៏មិនអាចឈរមើលប្រទេសជាតិ ស្ថិតនៅក្រោមការដឹកនាំរបស់យោធាដែរ ដោយបន្តធ្វើបាតុកម្ម កាន់តែច្រើនឡើង។ វិវាទនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលនេះ គឺមិនអាចដោះស្រាយក្នុងរយៈពេលខ្លីនោះឡើយ ហើយអាចនឹងមានអ្នកស្លាប់កាន់តែច្រើន អាចនឹងឈានដល់សង្គ្រាមស៊ីវិលដើម្បីកំណត់ការចាញ់ឈ្នះ ។
ចំណែកប្រទេសអាស៊ានវិញ មិនអាចលូកដៃចូលជ្រៅកិច្ចការផ្ទៃក្នុង របស់ប្រទេសជាសមាជិកបានឡើយ គឺបានត្រឹមតែស្នើ អំពាវនាវប៉ុណ្ណោះ ។ ចំណែកប្រទេសលោកខាងលិច មានអាមេរិក អឺរ៉ុប ក៏នឹងមានហ៊ានប៉ះពាល់នោះដែរ បានត្រឹមតែឈរស្រែក ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះ ។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ា បានប្រកាសថា ប្រទេសរបស់ខ្លួនធ្លាប់រស់នៅក្រោមការដាក់ទណ្ឌកម្មរាប់សិបឆ្នាំមកហើយ ពលរដ្ឋនៅតែរស់នៅបានយ៉ាងសុខសាន្ត។ ការប្រកាសរបស់យោធា មិនខុសពីការព្រមានចាត់វិធានការតឹងតែងទៅលើពលរដ្ឋ ដោយមិនខ្លាចសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៀតឡើយ។
សកម្មភាពទាំងនោះហើយបានជាក្រុមអ្នកវិភាគបានលើកឡើងថាដើម្បីបញ្ចប់វិវាទនយោបាយរុាំរ៉ៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងមានសង្គ្រាមស៊ីវិលកើតឡើង ហើយក្រោយពេលបញ្ចប់ទើបអាចកំណត់នយោបាយប្រទេសជាតិ បានល្អនិងរឹងមំាបំផុត ៕
រូបភាព៖ VTC