យុវជនម្នាក់បើកបរម៉ូតូឆ្លងផ្លូវជាតិលេខ៥ត្រូវបាន រថយន្តបើកលឿនបុកបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា÷មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង រវាងរថយន្តនឹង ម៉ូតូដែលបើកបរឆ្លងផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅខាងលិចត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃសុក្រ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទី លើដងផ្លូវជាតិលេខ៥ កំពុងស្ថាបនា នៅត្រង់ចំណុចក្រុមទី០៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល  ខេត្តបាត់ដំបង។

រថយន្តដែលបុកម៉ូតូនោះម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ(2Ak-8278) បើកបរពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន  ដល់ចំណុចកើតហេតុ  ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខបាត់ដំបង(1E-1645) បានបើកបរចេញពីខ្លោងទ្វារវត្តឆ្លងផ្លូវជាតិ ទិសដៅពីកើតទៅលិចធ្វើឱ្យរថយន្តបុកម៉ូតូពេលកំពុងឆ្លងផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុចំនួន០១នាក់ ចំណែកអ្នកបើកបររថយន្តបើករត់គេចមកដល់ភូមិព្រះពន្លា ឃុំរូងជ្រៃ ក៏ទុករថយន្តចោល រួចអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។

សមត្តកិច្ចជំនាញបានបន្តទៀតថា÷យុវជនដែលជាអ្នកបើកបរម៉ូតូមានឈ្មោះ រិន សុថាវី ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិជ្រោយស្តៅ  ឃុំជ្រោយស្តៅ  ស្រុកថ្មគោល ខេត្តបាត់ដំបង (មិនបានពាក់មួកសុវត្ថិភាព)(ស្លាប់)រីឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់) ។

ករណីនេះ បានប្រគល់ឱ្យជំនាញចរាចរណ៍នៃខេត្តបាត់ដំបង  ដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយពីការវាស់វែងរួច សាកសពត្រូវសមត្តកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តបាត់ដំបង បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

     

...

ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print