ភ្នំពេញ÷ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ផលិតផលបំប៉នសុខភាព គឺមិនអាចព្យាបាលជំងឺបាននោះទេ។
ការក្រើនរម្លឹកនេះ បន្ទាប់ពីមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដូចជា សារ៉ាយសមុទ្រ Spirulina និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដទៃទៀត នៅលើបណ្តាញសង្គមនានាយ៉ាងផុលផុស ដោយបានប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឱ្យប្រជាពលរដ្ឋមានការ យល់ច្រឡំក្នុងការទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺ ដែលបណ្តាលឱ្យអូសបន្លាយពេលវេលាក្នុងការព្យាបាល បង្កឱ្យការព្យាបាលជំងឺមិនបានទាន់ពេលវេលា ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា៖ “ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកម្លាំងតែប៉ុណ្ណោះ តាមរយៈការបំពេញបន្ថែមកង្វះខាតនៃសារធាតុចាំបាច់ដែលសរីរាង្គកាយយើងត្រូវការ ដើម្បីបំពេញមុខងារសរីរាង្គ ប៉ុន្តែផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមិនអាចជំនួសចំណីអាហារ ដែលយើងបរិភោគប្រចាំថ្ងៃបានទេ និងគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺដូចជាជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម លើសឈាម … ….បានឡើយ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉ន សុខភាពមួយចំនួនអាចបង្កឱ្យមានហានិភ័យចំពោះសុខភាព និងជួនកាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ ម្យ៉ាងទៀតក្រសួងសុខាភិបាលសូមរំលឹកថា ការប្រើប្រាស់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមិនអាចជំនួសឱសថ ដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រើប្រាស់ក្នុងការព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗបានឡើយ។ ដូច្នេះមុននឹងសម្រេចចិត្តប្រើផលិតផលទាំងនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកដែលមានជំនាញសុខាភិបាលឱ្យបានច្បាស់លាស់ ដែលពួកគាត់អាចណែនាំយើងឱ្យដឹងពីតុល្យភាពរវាងចំណីអាហារត្រូវបរិភោគប្រចាំថ្ងៃ និងតម្រូវការផលិតផល បំប៉នសុខភាព ឬអាហារបំប៉នសុខភាពដែលចាំបាច់ត្រូវប្រើប្រាស់បន្ថែម”។
ដោយឡែកក្នុងករណីបងប្អូនប្រជាពលរដ្ឋ ត្រូវការព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង នៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១ – ០១១ ៥៧៤ ៧៨៧ – ០១២ ៩៨៣ ៣៣៤ – ០១២ ៨៩២ ០២២ – ០១៧ ៧០៦ ០១៧ – ០១៧ ៨៦៦ ៧៦០៕
ដោយ៖ សូរិយា