ភ្នំពេញ៖ ក្រុមឡូយឆាយ ខាងបង្អួតកាំភ្លើង បានយកកាំភ្លើងបាញ់សត្វ ទៅបាញ់សត្វនៅកណ្តាលក្រុងភ្នំពេញ ដើម្បីជាភាពសប្បាយ ហុឺហារបស់ខ្លួន ក្លាយជាទុក្ខ ខណ:នាំគ្នាទៅបាញ់សត្វជាការកំសាន្តសប្បាយបែរផ្លាត់ស្នៀតហោះគ្រាប់កាំភ្លេីងទៅ ត្រូវកុមារម្នាក់ខណៈកំពុងឈរលេងជាមួយកុមារ៣នាក់ទៀត បណ្តាលអោយដួលប្រកាច់ស្លាប់ភ្លាមៗយ៉ាងសង្វេគ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ សារឿន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ អនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្ការសង្គ្រោះជនអស់សង្ឃឹម ត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំក្បាលស្លាប់ភ្លាមៗគួរឲ្យអាសូរ ។ ចំណែកជនសង្ស័យ២នាក់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា មានសមាសភាពជាអ្វី និងមានខ្នងបង្អែកធំប៉ុនណាទេ ទើបប្រើកាំភ្លើងដើរបាញ់សត្វដោយខុសច្បាប់
បែបនេះ។ តាមប្រភពព័តមានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានឈរលេងជាមួយក្មេងៗ៣នាក់ទៀត នៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែឮស្នូរកាំភ្លើង១គ្រាប់ផ្ទុះឡើងនៅជិតនោះបណ្ដាលឲ្យត្រូវក្មេងប្រុសរងគ្រោះចំក្បាលដួលស្លាប់ភ្លាមៗតែម្ដង ។ ហើយខណៈកំពុងតែមានការជ្រួលច្របល់ ស្រាប់តែមានគ្រាប់កាំភ្លើងចំនួន៣គ្រាប់ផ្ទួនៗគ្នាទៀត ហោះទៅធ្លាក់នៅកន្លែងកើតហេតុនោះទៀត ប៉ុន្តែពុំបានបណ្ដាលឲ្យត្រូវក្មេងប្រុសផ្សេងទៀតឡើយ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថព្រមទាំងប្រជាការពារខណ្ឌកំបូលបានចុះទៅទៅអន្តរាគមន៍ ហើយបានប្រទះឃើញជនសង្ស័យ២នាក់ ជិះរថយន្តម៉ាក Ssangyong REXTON ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02 -0282 គួរឲ្យសង្ស័យក៏បានឃាត់ត្រួតពិនិត្យ ។
ខណៈនោះបានរកឃើញកាំភ្លើងវែងស៊េរីទំនើប១ដើម នៅក្នុងរថយន្តហើយពេលសាកសួរជនសង្ស័យនិយាយថា ខ្លួនបាញ់ទៅខាងណោះសោះហេតុម្ដេចទៅត្រូវក្មេងប្រុសរងគ្រោះទៅវិញ ហើយសមត្ថកច្ចក៏បានរកឃើញសត្វលលក១ក្បាលងាប់ ដោយសារគ្រាប់កាំភ្លើងផងដែរ ។
ក្រោយកេីតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ អ្នកបាញ់និងតៃកុងឡានម្នាក់ទៀត កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ