ខេត្តសៀមរាប៖ ទីតាំងល្បែងហ្គេមខុសច្បាប់មួយកន្លែង អ្នកលេងប្រុសស្រីចំនួន១២នាក់ត្រូវបាន កងកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត ចុះបង្ក្រាប និងឈានដល់ឃាត់ខ្លួន រួមទាំងដកវត្ថុតាងបញ្ជូនទៅសាលាក្រុងដោះស្រាយតាមផ្លូវច្បាប់។
ហេតុការណ៍ នេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅក្នុងបរិវេណផ្សាររាត្រី ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយទោ ភឹង ចិន្តារ៉េត ប្រធានការិយាល័យនករបាលកំរិតស្រាល នៃស្នងការខេត្តបាន បានឲ្យដឹងកាលពីថ្ងៃទី១៦ខែកក្កដានេះថា យោងតាមបទបញ្ជារបស់លោក សត ណាឌី ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោកអភិបាលក្រុងសៀមរាប កម្លាំងការិយាល័យនគរបាលកំរិតស្រាល និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានចុះបង្រ្កាប បនល្បែងហ្គេមគ្មានច្បាប់ខាងលើ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់។ លោកបានបញ្ជាក់បន្ថែមថា អ្នកដែលឃាត់ខ្លួនបានចំនួន១២នាក់នោះ ក្នុងនោះមានប្រុស៦នាក់និងស្រី៦នាក់ ក្នុងនោះមានបុគ្គលិក២នាក់ មានឈ្មោះ លៀន សុដា ភេទស្រីអាយុ២០ឆ្នាំស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ និងម្នាក់ទៀត ឈ្មោះ ឡាង សារី ភេទស្រីអាយុ២៥ឆ្នាំ ស្រុកកំណើតនៅខេតតាកែវ បច្ចុប្បន្នស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ពួកគេទាំង២នាក់ទើបចូលមកបំរើការងារមិនទាន់បាន១ខែនោះទេ ។ រីឯអ្នកលេងត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។ចំណែកវត្ថុតាងដែលដកហូតយកទៅទុកនៅសាលាក្រុងព្រឹកថ្ងៃទី១៦ខែកក្កដានេះរួមមាន៖ទូរហ្គេមបាញ់ត្រីចំនួន៤,ទូរហ្គេមបោះបាល់ចំនួន២,ទូរហ្គេមចាប់រង្វាន់តុកក្តាចំនួន៣,ទូរហ្គេមតុកក្តាបាញ់គ្នាចំនួន២,កាក់ចំនួន១៩៤០ដែលសមត្ថកិច្ចបានដកហូតយកទៅទុកនៅសាលាក្រុងដើម្បីរងចំាដោះស្រាយតាមផ្លូវច្បាប់។បច្ចុប្បន្នម្ចាស់ទីតាំងត្រូវបានគេចខ្លួនបាត់ តែទោះជាយ៉ាងណាក៏សមត្ថកិច្ចជំនាញនឹងតាមស្វែងរកយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
សាក្សីនៅក្បែបានខ្សឹបប្រាប់អ្នកយកព័ត៌មានថា អ្នកគ្រប់គ្រងនៅទីនេះមានឈ្មោះ វណ្ណដា ហើយបានបើកលេងជាយូណាស់មកហើយ ថែមទាំងឃើញសមត្ថកិច្ចចេញចូលផង ប៉ុន្ដែបែជាចុះចាប់យប់ថ្ងៃទី១៥ខែកក្កដានោះទៅវិញ ។ដោយ៖ជានិរន្ដរ៍
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងហ្គេមឃាត់ខ្លួនអ្នកលេងប្រុសស្រី១២នាក់និងដកហូតវត្ថុតាងមួយចំនួន
...