នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែបន្តសហការជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវិដ-១៩។
កន្លងមក អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសចិន ដែលមិនមានតម្លាភាពក្នុងការចែករំលែក ឯកសារពីករណីឆ្លងកូវីដ-១៩ ក្នុងពេលដំបូង ដើម្បីឲ្យអង្គការសុខភាពពិភពលោកស្រាវជ្រាវលឿន។ នៅទីក្រុងវូហាន ប្រទេសចិន គឺជាកន្លែងផ្ទុះកូវិដ-១៩ដំបូងគេបង្អស់ លើពិភពលោកនៅខែធ្នូឆ្នាំ២០១៩ ។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១១ខែមីនា នាយករដ្ឋមន្ត្រីលី ខឺជាំង បានបញ្ជាក់ថា ចិននិឹងធ្វើសកម្មភាព តាមការជាកស្តែង ក៏ដូចជាវិធានការចូលកៀកដោយបើកចំហ តម្លាភាព និងកិច្ចសហប្រតិបត្តិការ។
អង្គការសុខភាពពិភពលោកនៅសប្តាហ៍នេះ បានពន្យារពេលប្រកាសរបាយការណ៍ស្រាវជ្រាវពីប្រភពកូវិីដ-១៩ ដែលក្រុមអ្នកវិទ្យាសាស្ត្របានទៅស្រាវជ្រាវនៅទីក្រុងវូហានប្រទេសចិន ដែលជាតំបន់ផ្ទុះកូវីដ-១៩ ដំបូងគេបង្អស់ ។ អង្គការសុខភាពពិភពលោកប្រកាសថា នឹងប្រកាសរបាយការណ៍ជាផ្លូវការក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែមិនបញ្ជាក់ពេលវេលាឡើយ។
ចាប់តាំងពីការប្រកាសថាកូវីដ-១៩ ជាជំងឺរាតត្បាតជាសកលរបស់អង្គការសុខភាពពិភពលោកនៅខែមីនាឆ្នាំ២០២០ មកទល់ពេលនេះគឺមួយឆ្នាំហើយ ដោយមានអ្នកឆ្លងនៅលើពិភពលោកសរុប ១១៨,៧ លាននាក់ និងមានអ្នកស្លាប់ជាង២,៦លាននាក់។
នៅពេលនេះបណ្តាប្រទេសជុំវិញពិភពលោកបានខិតខំចាក់វ៉ាក់សាំងដើម្បីយកឈ្នះកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ហើយបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយរយៈពេល១ឆ្នាំជាប់គាំងដោយសារកូវីដ-១៩៕ ដោយ សាធី
រូបភាព៖ VOV