ខេត្តកណ្តាល: នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ អញ្ជើញទៅសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយ ពន្យល់ណែនាំអំពីវិធានការថែរក្សាអនាម័យដល់បងប្អូន ក្មួយៗ បុគ្គលិកបម្រើការងារនៅសណ្ឋាគារ យុង យ័ន ដែលកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងអគារស្នាក់នៅរួមរបស់សណ្ឋាគារ យុង យ័ន ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ប្អូនៗ ក្មួយៗ ទាំងអស់គ្នាជាទីស្រលាញ់ ដើម្បីឲ្យសហគមន៍របស់យើង រួចផុតពីការវាយប្រហារដោយសារជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ សូមប្អូនៗ ក្មួយៗ ចូលរួមសហការគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ។
៣ការពារ គឺ១-ពាក់ម៉ាស ២-លាងដៃ ៣-រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
៣កុំ គឺ១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញ-ចូល ២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕
ឆ ដា