អ្នកនាំពាក្យ អង្គការសុខ ភាពពិភពលោក WHO លោកស្រី Margaret Harris បញ្ជាក់កាលពីថ្ងៃទី១២ខែមីនា ថាមកទល់ពេលនេះ រកមិនទាន់ឃើញមូលហេតុ ដែលអាចឈានដល់ការផ្អាកការប្រើប្រាស់វ៉ាក៉សាំង កូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នោះឡើយ។
លោកស្រី Margaret Harris បានបញ្ជាក់ថា«នៅពេលនេះមិនទាន់រកឃើញសញ្ញាមិនប្រក្រតីណាមួយ ដើម្បីផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងប្រទេសថៃផងដែរ បានសម្រេចផ្អាក ការចាក់វ៉ាក់សាំង ខាងលើ នៅថ្ងៃទី១១និង១២ខែមីនា ។
នៅថ្ងៃទី១១ខែមីនាប្រទេសដាណឺម៉ាក បានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយពេលរកឃើញមានឈាមកកនៅក្នុងរាងកាយស្ត្រីវ័យ៦០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងនេះ។ នៅពេលនេះដែរ ប្រទេសថៃក៏បានផ្អាកចាក់វ៉ាក់សាំងខាងលើនេះដែរ។
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក តាមរបាយការណ៍ ដែលទទួលបានពីមនុស្ស១០ លាននាក់ដែល បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ គឺមិនមានអ្វីខុសប្រក្រតីនោះឡើយ។ វ៉ាក់សាំង AstraZeneca ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ហើយត្រូវបានប្រើប្រាស់ នៅក្នុងកម្មវីធីចែកចាយវ៉ាក់សាំងរបស់COVAX របស់អង្គការសហប្រជាជាតិ ដើម្បីចែកចាយដល់បណ្តាប្រទេសជុំវិញពិភពលោក៕
រូបភាព៖ Reuters