ម៉ាឡេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់នៅថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០២១ ហើយនាយករដ្ឋមន្ត្រី Muhyiddin Yassinជាអ្នកចាក់មុនគេនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Plizer។ ប៉ុន្តែនៅពេលនេះម៉ាឡេស៊ីនៅតែមានករណីឆ្លងខ្ពស់ដដែល។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ម៉ាឡេស៊ីមានករណីឆ្លងជាង១៤០០នាក់ និងស្លាប់៣នាក់ ។
សរុបអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ទៅ៣២២ពាន់នាក់ និងស្លាប់សរុបជាង១២០០ នាក់។ នៅពេលនេះដែរ រដ្ឋាភិបាលម៉ាឡេស៊ីបានចាត់វិធានការយ៉ាងតឹងតែងបំផុតចំពោះការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធករណីកូវីដ -១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ចាប់ពីថ្ងៃទី១២ខែមីនា រដ្ឋាភិបាលម៉ាឡេស៊ី បានអនុវត្តច្បាប់ដាក់ទោសអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-១៩ គឺត្រូវជាប់គុកដល់ទៅ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១សែនរីងហ្គីត RM (ប្រមាណ២៥០០០ដុល្លារអាមេរិក)។
កន្លងមក ម៉ាឡេស៊ីក៏មានច្បាប់ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនោះដែរ ដោយច្បាប់មុន អ្នកដែលបង្ហោះព័ត៌មានមិនពិតនឹងត្រូវសុំទោសដល់ពលរដ្ឋផ្សេងទៀត ដែលរងផលប៉ះពាល់ជាសាធារណៈនិងផាកពិន័យមានត្រឹមតែ ៥០ ០០០ រីងហ្គីត (១២ ១៤២ ដុល្លារអាមេរិក) ហើយរយៈពេលនៃការជាប់គុកមានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ តាមរយៈការអនុវត្តវិធានការថ្មីនេះគេសង្ឃឹមថា ព័ត៌មានក្លែងក្លាយបែបបំពុលសង្គមនឹងអាចកាត់បន្ថយបានយ៉ាងច្រើននៅទូទាំងប្រទសម៉ាឡេស៊ី៕ ដោយ សាធី
រូបភាព៖ .THX/TTXVN