អាវុធហត្ថស្រុកអន្លង់វែងបន្តបង្ក្រាបបានជនជាតិវៀតណាម២នាក់ទៀតដែលចែកចាយគ្រឿងញៀន២២គ្រាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖
កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនបុរសជនជាតិវៀតណាម ២នាក់ ជាឪពុក និងកូន ដែលកំពុង​ធ្វើសកម្មភាពចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១២ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅក្បែរច្រកអន្តរជាតិ​ជាំសាង៉ាំ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រតិបតិ្តការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ​ចុះ​បង្ក្រាប និងឃាត់ខ្លួន បានជនសង្ស័យចែកចាយថ្នាំញៀន២ នាក់ ជាជនជាតិវៀតណាម ដែលកំពុងស្នាក់នៅផ្ទះ​ ក្នុងជួលមួយកន្លែង ស្ថិតនៅភូមិឃុំខាងលើ។ ទី១.ឈ្មោះ ចូវ យ៉ាងវៀង អាយុ៤៦ ឆ្នាំ ជាឪពុក និងទី២.ជាកូនបង្កើត​ឈ្មោះ ចូវ យ៉ាងឌែង ភេទប្រុស អាយុ១៧ឆ្នាំ​អ្នកទាំង ២នាក់ ពុំមានលិខិតស្នាមស្នាក់នៅជ្រកកោណនោះទេ។ ហើយបានដកហូតបានថ្នាំញៀនប្រភេទ WY ២២ គ្រាប់ កាំភ្លើងប្រភេទច្នៃ ២ដើម ដាវ១ កាំបិតស្នៀត១ រួមនឹងសំ​ភារៈជក់ថ្នាំញៀនមួយចំនួនទៀត។ បន្ទាប់​ពីធ្វើការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង បានកសាង​សំ​ណុំរឿងបញ្ជូនជនសង្ស័យជនជាតិទាំង ២​នាក់ ទៅតុលាកាខេត្តចាត់ការតាមនិតិវិធីច្បាប់។
លោក ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ករណីបង្ក្រាបបានជនជាតិវៀត​ណាម ២នាក់ បន្ថែម គឺបន្ទាប់ពីធ្វើការស្រាវជ្រាវទៅចំលើយ ពីជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ១៦នាក់ ដែលបង្ក្រាប​បានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងនោះដែរ លោកក៏បានថ្លែងអំណរគុណដល់ ឯ.ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភជាថវិកាលើកទឹកចិត្តចំនួន ២លាន​រៀល ដល់កម្លាំងកងរាជអាវុធហត្ថរបស់លោក។
ប្រជាពលរដ្ឋទូទៅរស់នៅក្នុងស្រុកអន្លង់វែង ជាពិសេសប្រជាពលរដ្ឋ ដែលមានកូនស្ថិតនៅក្នុងវ័យ កំពុងតែ​សេបគ្រឿងញៀន បានសំដែងសាទរ ថ្លែងអំណគុណដល់កម្លាំងអាវុធហត្ថ ដែល​បំបែកសំបុកចែកចាយ និងជួញដូរ​គ្រឿងញៀន ដែលកន្លងមកពួកគាត់មានការ​ព្រួយបារម្មណ៍រឿងអសុវត្ថិភាពនៅក្នុង​ភូមិឃុំរបស់ពួកគាត់។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print