វិចារណកថា៖ ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ​ចប់ឬមិនចប់ អាស្រ័យលើយើងទាំងអស់គ្នា

ចែករំលែក៖

ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺជាការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា ដែលមានវិសាលភាពធំធេង និងស្មុគស្មាញជាងព្រឹត្តិការណ៍មុនៗ ដោយសារការឆ្លងជាសហគមន៍លើកនេះ គឺបានឆ្លងរហូត​ដល់​​ទៅជិត៨០០ ករណីឯណោះ ក្នុងរយៈពេលមិនដល់មួយខែផង ហើយបានសម្លាប់ជីវិតពលរដ្ឋកម្ពុជាមួយរូបថែមទៀត ដូច្នេះសូមកុំមើលស្រាល ហើយធ្វេសប្រហែសចំពោះជំងឺនេះឱ្យ​សោះ។

 ដោយសារតែសភាពការណ៍នៃការឆ្លងហាក់មិនស្រាកស្រាន្តសោះ​ ហើយចំនួនអ្នកឆ្លងចេះតែ កើនឡើងបែបនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគ្រប់វិធានការនានា ដោយ រួមទាំងរៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ​កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ហើយច្បាប់នេះ​ក៏បាន​​ចុះ​ហត្ថលេខា​ និងបានអនុម័តជាបន្តបន្ទាប់ដោយរដ្ឋសភា ព្រឹទ្ធសភា និងចុះហត្ថលេខា​ ប្រកាសឱ្យប្រើដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ពី ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញនូវអនុក្រឹត្យថ្មីមួយ ដែលចែងពីវិធានសុខាភិបាលផ្សេងៗ ដែលមានតាំងពីការធ្វើអនាម័យ ការពាក់ម៉ាស ការធ្វើចត្តាឡីស័ក ការចាក់វ៉ាក់សាំង រហូតដល់ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩។

 នៅក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ​និងបញ្ចប់ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ បានយកចិត្ត​ទុក​ដាក់ និងអនុវត្តការងារយ៉ាងម៉ត់ចត់ និងមានយុទ្ធសាស្រ្ត និងជំហាននៃការអនុវត្តច្បាស់លាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការចូលរួមពីយើងទាំងអស់គ្នាទេនោះ អ្វីៗ​ក៏​វាមិនអាចសម្រេចបានដែរ ដូច្នេះសូមចូលរួមអនុវត្តទាំងអស់គ្នា ជាពិសេសគឺវិធានការ « ៣ការពារ និង៣កុំ »។ ​

 តាំងពីរកឃើញនូវករណីដំបូងនៅចុងខែមករា ឆ្នាំ​២០២០ រហូតដល់ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជាបានការពារ និងទប់ស្កាត់នៃការរីករាលដាលមេរោគនេះបានយ៉ាងជោគជ័យពេលដែល​ពិភពលោក ក៏ដូចជាបណ្តាប្រទេសនៅជិតខាង បានរងគ្រោះនឹងការរាតត្បាតមេរោគនេះជាបន្តបន្ទាប់។ ប៉ុន្តែការធ្វេសប្រហែស និងការមើលស្រាលសភាពការណ៍ របស់ជនមួយក្រុមចំនួនតូច បូករួមនឹងការធ្វេសប្រហែសរបស់សហគមន៍ ធ្វើឱ្យជំងឺនេះបានផ្ទុះ និងរីករាលដាលដ៏រហ័ស ដែលធ្វើឱ្យស្ថានការណ៍ ដែលមុនព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ បានត្រលប់ទៅប្រក្រតីភាពសឹងតែ​ជិត ១០០ ភាគរយទៅហើយនោះ បានវិលមក រកសភាពការណ៍ធ្ងន់ធ្ងរកាន់តែខ្លាំង ដោយផ្តើមចេញពីការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ ហើយបន្តទៅខេត្តកណ្តាល​ ព្រះសីហនុ ព្រៃវែង បាត់ដំបង កំពង់ធំ កោះកុង ។ល។ ហើយអាចនឹងរីករាលដាលបន្តទៀត ដូច្នេះទាំងអស់គ្នាសូមភ្ញាក់រលឹក និង កុំធ្វេសប្រហែសបន្តទៀត ។

 ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាការបញ្ចប់ការឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុង​ប្រទេស នឹងមិនអាចទៅរួចបានទេ​ ប្រសិនបើខិតខំតែថ្នាក់ដឹកនាំ ខំតែអាជ្ញាធរ ហើយ យើងទាំងអស់គ្នាជាពលរដ្ឋនៅតែធ្វេសប្រហែស ហើយមិនយកចិត្តទុកដាក់នឹងវិធានការ « ៣ការពារ និង៣កុំ » នោះ។ វិធានការ ៣ការពារ គឺ១​. ពាក់​ម៉ាស់ ២. លាងដៃ និង ៣. រក្សាគម្លាតបុគ្គលចាប់ពី ១,៥ ម៉ែត្រឡើង ហើយ ៣កុំ គឺ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២.​កុំទៅកន្លែងមនុស្ស​ច្រើនកុះករ ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ។ល។ ប៉ុន្តែ មកដល់ពេលនេះ បុគ្គលមួយចំនួន នៅតែមិនព្រមអនុវត្តតាម ហើយនៅតែផ្គើន ក៏ដូចជាមើលស្រាលចំពោះមេរោគនេះ។

​ការរក្សាគម្លាតនៅតាមកន្លែងមួយចំនួនគឺនៅតែគ្មាន ជាពិសេសគឺនៅតាមផ្សារនៅក្នុងមូល​ដ្ឋាន​នានា នៅតាមដងផ្លូវនៅតែមានអ្នកធ្វើដំណើដោយមិនមានពាក់ម៉ាស​ នៅតាមកន្លែងខ្លះ នៅតែគ្មានការត្រួតពិនិត្យកំដៅ​ គ្មានឧបករណ៍សម្រាប់លាងសម្អាតដៃ​ ហើយសូម្បីតែ នៅកន្លែងទៅទទួលថ្នាំវ៉ាក់សាំងក៏មានបាតុភាពកកកុញដណ្តើមគ្នាចាក់​ផងដែរ ។ ក្រៅពីនោះ​បុគ្គលមួយចំនួន គឺនៅតែបន្តជួបជុំគ្នាផឹកស៊ី សប្បាយ ដោយគ្មានការទទួលខុសត្រូវនៅក្នុង​ការបង្ការ និងទប់ស្កាត់មេរោគទៀត ។​

ដូច្នេះ សូមចូលរួមអនុវត្តវិធានសុវត្ថិភាពទាំងអស់គ្នា ហើយសម្រាប់ក្រុមអាទិភាព ដែលរាជរដ្ឋាភិបាលប្រកាសឱ្យទទួលវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ សូមទៅចាក់ឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលមិនទាន់ដល់វេន​សូមអត់ធ្មត់ រងចាំ ដោយរាជរដ្ឋាភិបាលបានធានារួចហើយថា វាក់សាំងនឹងមានសម្រាប់គ្រប់ៗគ្នា ជាពិសេសគឺ នៅក្នុងចំណោមប្រជាពលរដ្ឋពេញវ័យ។

 ​សរុបមកវិញ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ​ចប់ឫមិនចប់អាស្រ័យលើយើងទាំងអស់គ្នា ដូច្នេះ​ចាប់ពីពេលនេះទៅសូមបញ្ឈប់ការមើលស្រាលមេរោគ ធ្វេសប្រហែសខ្លួន ហើយត្រូវ​តែព្យាយាមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ « ៣ការពារ និង ៣កុំ » ។​ អ្នកដែលកើតជំងឺត្រូវខិតខំ​ថែរក្សា និងបំប៉នសុខភាពតាមការណែនាំរបស់ក្រុមគ្រួពេទ្យ អ្នកដែលត្រូវធ្វើចត្តាឡីស័ក​ត្រូ​វ​តែធ្វើ​ដោយម៉ត់ចត់ ហើយអ្នកដែលសង្ស័យ ត្រូវតែទៅធ្វើតេស្តទោះយើងជានរណាក៏ដោយ ពីព្រោះ​កូវីដ-​១៩វាអាចឆ្លងមិនថាយើងជាប្រជាពលរដ្ឋ អ្នកជំនួញ គ្រូពេទ្យ អ្នកនយោបាយ ឬ មេដឹកនាំ​នោះទេ តែប្រហែសគឺឆ្លងហើយ ៕

...

ដោយ៖ អ៊ុក ស៊ុនហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print