ខេត្តរតនគិរី ៖ សពស្ត្រីពោះធំម្នាក់ត្រូវសាច់ញាតិដឹកអូសតាមម៉ូតូយ៉ាងអាណោចអាធ័មយកទៅធ្វើបុណ្យនៅឯភូមិ បន្ទាប់ពីរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តដឹកទៅទម្លាក់ចោលតាមផ្លូវទោះជាសាច់ញាតិសុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយក៏អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់នោះមិនព្រមដែរ។
ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះតែគេខំព្យាយាមលាក់បាំងក៏ត្រូវបែកធ្លាយក្រោយពីសពស្ត្រីពោះធំនោះឆ្លងទន្លេមិនរួចស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តរួចមកយូរថ្ងៃហើយ ។
សពស្រ្តីពោះធំឆ្លងទន្លេមិនរួចនោះមានឈ្មោះ កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹងប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចម្ការ មានកូនស្រី២នាក់អាយុ៧ និង៨ឆ្នាំ រស់នៅភូមិឃុំកា
ចូន ស្រុកវើនសៃ ខេត្តរតនគិរី។
លោក កាវែម វាំង ត្រូវជាបងប្្រសរបស់សពបានឱ្យដឹងថា ប្អូនស្រីរបស់គាត់បានឈឺពោះឆ្លងទន្លេកូនទី៣ ហើយបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ពេលនោះក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសម្តីមិនសមរម្យ គ្មានសុជីវធម៌ទៀតផង ដោយក្រុមគ្រូពេទ្យប្រាប់ថា មិនអាចសង្គ្រោះបានទេ ទោះវះយកកូនចេញក៏ស្លាប់ មិនវះក៏ស្លាប់ដែរ។
លុះមកដល់ម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១អាការៈស្ត្រីពោះធំនោះធ្វើទុក្ខកាន់តែខ្លាំងក៏បានដាច់ខ្យល់ស្លាប់តែម្តង ហើយក៏បានដឹកសពតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមកដល់ចំណុចការាសសាំងផ្លូវបំបែកចូលឃុំកាចូន អ្នកបើកបរចង់រកទម្លាក់សពចោលម្តងនៅទីនោះ តែសាច់ញាតិសុំអង្វរគេក៏យល់ព្រមបើកទៅមុខទៀត រហូតមកដល់ចំណុចស្ពានអូរលីងអ្នកបើកបររអ៊ូថាផ្ទះឆ្ងាយពេកក៏ទម្លាក់សពចោលនៅក្រោមដើមឈើក្បាលស្ពាននោះតែម្តង។
ដោយទាល់តម្រិះសាច់ញាតិក៏បន្តដឹកសពតាមម៉ូតូទៅដល់ផ្ទះក្នុងស្ថានភាពសាកសពឡើងរឹងនិងពោះធំផងមានការលំបាកខ្លាំងណាស់ទើបធ្វើឲ្យអូសដាច់រលាត់ជើងសពគួរឲ្យសង្វេគណាស់។
ក្នុងករណីនេះអ្នកបើកបររថយន្តសង្គ្រោះបានឆ្លើយដោះសាទៅថ្នាក់លើថា អ្នកភូមិគេតំណមមិនឲ្យយកសពស្ត្រីពោះធំឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារសពក៏ទាមទារឲ្យដាក់ចុះនៅត្រឹមនោះដែរ។
ទាក់ទងនឹងការដឹកសពមិនដល់គោលដៅទម្លាក់ចោលគួរឲ្យអាណោចអាធ័មនេះលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីបានបញ្ជាក់ថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្តដើម្បីធ្វើការពិន័យទៅលើអ្នកបើកបរដែលដឹកសពមិនដល់គោលដៅ ហើយនេះក៏ពុំមែនជាលើកទី១នោះដែរដែលអ្នកបើកបររថយន្តធ្វើរបៀបនេះ។ លោកនឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ទៅលើជនជាតិដើមភាគតិច និងជនក្រីក្របែបនេះ។
លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច បានសម្តែងការមិនពេញចិត្ត ហើយលោកបានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ប្រាប់អ្នកយកព័ត៌មានថា ករណីដឹកសពកាត់ភូមិ ឬដឹកចូលភូមិ គឺជនជាតិដើមលែងមានតំណមដូចកាលពីមុនទៀតហើយ រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងអ្នកបើកបរខាងលើវាជាការរើសអើងទៅលើក្រុមជនជាតិដើមភាគតិចយ៉ាងពិតប្រាកដហើយ៕