ក្រុមបាតុករបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងស្តីពីគម្រោងខួងយករ៉ែនៅក្នុងខេត្តChubut ដោយបាននាំគ្នាស្ទាក់ក្បួនរថយន្តរបស់ប្រធានាធិបតី ហើយបានគប់ដុំថ្ម ទៅលើរថយន្តដឹកប្រធានាធិបតី Alberto Fernandez នៅពេលដែលលោកទៅបំពេញទស្សនកិច្ចនៅតំបន់ដែលរងគ្រោះដោយភ្លើងឆេះព្រៃ។
នៅថ្ងៃទី១៣ខែមីនា (ពេលវេលាក្នុងតំបន់) បាតុកររាប់សិបនាក់ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយគប់ដុំថ្មទៅលើរថយន្តដឹកប្រធានាធិបតី ពេលដែលលោកទៅកាន់ទីក្រុង Logo Puelo ដែលរងផលប៉ះពាល់ខ្លាំងដោយភ្លើងឆេះព្រៃ ។
តាមឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយនានានោះ គេឃើញរថយន្តដឹកប្រធានាធិបតី Fernandez ចាកចេញពីទីក្រុង Logo Puelo ក្នុងខេត្ត Chubut ក៏ត្រូវក្រុមបាតុករស្ទាក់ផ្លូវវាយប្រហារបណ្តាលឲ្យបែកកញ្ចក់រថយន្ត ។ ក្រុមអ្នកការពារបានព្យាយាមបញ្ជូនប្រធានាធិបតី ចេញពីហ្វូងបាតុករ ហើយក្នុងរយៈពេលប៉ុន្មាននាទីក្រោយមកទើបក្បួនរថយន្តបានចាកចេញពីហ្វូងបាតុករ។
ប្រធានាធិបតី Fernandez បានបញ្ជាក់ថា សកម្មភាពបង្កហិង្សា កើតចេញពីក្រុមតូចមួយតែប៉ុណ្ណោះ ។ តាមសារព័ត៌មានអាហ្សង់ទីន បានផ្សាយថា មូលហេតុដែលក្រុមបាតុករខឹងសម្បាគឺដោយសារតែគម្រោងខួងយករ៉ែ នៅក្នុងខេត្ត Chubut ។
ពាក់ព័ន្ធនិងភ្លើងឆេះព្រៃនៅតំបន់ Patagonia ប៉ុន្មានថ្ងៃកន្លងមក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១១នាក់បាត់ខ្លួន និងពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ផ្ទះ២០០ខ្នងត្រូវភ្លើងឆេះខ្ទេច ខណៈព្រៃឈើជាង ១៥ពាន់ហិកតារងការបំផ្លាញ។ សេវាកម្មផ្គត់ផ្គងអគ្គិសនីនៅតំបន់មួយចំនួនក៏ត្រូវកាត់ផ្តាច់ផងដែរ៕ដោយ សាធី
រូបភាព៖ Rio Negro