កម្លាំងទាហានថៃ បានត្រៀមលក្ខណៈសាងសង់ជំរុំជនភៀសខ្លួននៅតាមព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅតំបន់ភាគខាងត្បូង ដែលមានខេត្ត Ranong និង Chumphon សម្រាប់ទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាដោយអំពើហិង្សានៅក្នុងប្រទេសកាន់តែកើនខ្លាំងឡើង។
លោក Santi Sakuntak អគ្គមេបញ្ជាការ កងកម្លាំងពិសេស Thep Satri របស់ទាហានថៃ បានបញ្ជាក់ថា ថៃនឹងទទួលយកជនភៀសខ្លួន មកពីប្រទេសមីយ៉ាន់ម៉ា ដោយមូលហេតុមនុស្សធម៌។ ក្រោយស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្ងប់ស្ងាត់វិញ ជនភៀសខ្លួនទាំងនោះនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសវិញ ។
ថៃនិងមីយ៉ាន់ម៉ា មានព្រំដែនប្រវែង ២៤០០ គីឡូម៉ែត្រ រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនភៀសខ្លួនមកកាន់ប្រទេសថៃ។ បច្ចុប្បន្ននៅព្រំដែនប្រទេសឥណ្ឌា មានពលរដ្ឋមីយ៉ាន់ម៉ា ជាច្រើន បានភៀសខ្លួនចូលក្នុងទឹកដីឥណ្ឌាក្នុងនោះមានទាំងកម្លាំងប៉ូលិស ជិត២០០នាក់ផងដែរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រើប្រាស់រថពាសដែក រថក្រោះទប់ស្កាត់នៅផ្លូវសំខាន់ៗ នៅទីក្រុងធំ ដើម្បីបំបែកហ្វូងបាតុករ ។ បើទោះបីមានការដាក់គំនាប ព្រមានយ៉ាងណាក្តី តែក្រុមបាតុករមីយ៉ាន់ម៉ា នៅតែបន្តធ្វើបាតុកម្មប្រឆាំងដដែល។ កាលពីថ្ងៃទី១៤ខែមីនា មានបាតុករ ជិត៤០នាក់ស្លាប់ ក្នុងពេលធ្វើបាតុកម្ម។
គោលដៅរបស់ក្រុមបាតុករនាពេលនេះគឺសំដៅទៅលើក្រុមហ៊ុនចិន ដោយនៅថ្ងៃទី១៤ខែមីនា មានក្រុមហ៊ុនចិនរងការវាយប្រហារពីក្រុមបាតុករ ដុតបំផ្លាញ ។ អគ្គរដ្ឋទូតចិន បានស្នើដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាន ចាត់វិធាការការពារ បណ្តាក្រុមហ៊ុនក៏ដូចជាពលរដ្ឋចិននៅក្នុងទីដីមីយ៉ាន់ម៉ា ៕ដោយធីរីណា
រូបភាព៖Reuters