រដ្ឋបាលក្រុងស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មុននឹងសាងសង់សំណង់ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរនិងមន្ទីរជំនាញឲ្យបានត្រឹមត្រូវ​ដើម្បី​ធានា​គុណភាពនិង​ស្របច្បាប់​

ចែករំលែក៖

ខេត្តស្វាយរៀង: លោកសរ សុដានីអភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសុំ​ច្បាប់​សាងសង់​សំណង់​ដើម្បី​ធានា​ឲ្យ​មាន​ភាពរឹងមាំ ធានាបាន​នូវ​គុណភាព សុវត្ថិភាព និង​សោ​ភណភាព ឲ្យ​ស្របតាម​បច្ចេកទេស​សំណង់ គឺ​ឲ្យ​ស្អាត ឲ្យ​ល្អ ឲ្យ​មាំ ឲ្យ​ជាប់ និង​ស្របច្បាប់​ផងដែរ។
ការថ្លែងបែបនេះរបស់លោកអភិបាលរងក្រុងបានធ្វើឡើងក្នុងការចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់សំណង់នៅក្នុងក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជំនាញនិងអាជ្ញាធរសង្កាត់ផងដែរ។
លោកអភិបាលរងក្រុងបានបន្តថា ដើម្បី​ឲ្យ​សំណង់​សាងសង់​មានគុណ​ភាព ប្រជាពលរដ្ឋ​ត្រូវសុំ​ច្បាប់​អនុញ្ញាត​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវនៅច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលក្រុង ព្រោះ​ការងារ​សាងសង់​មានច្បាប់​គឺ​ភ្ជាប់​មកជា​មួយ​នូវ​ប្លង់ដីឲ្យបានច្បាស់លាស់​ដែលមានការទទួលស្គាល់ពីអាជ្ញាធរនិងមន្ទីរជំនាញ។
លោក​បន្តថា សំណង់​ស្របច្បាប់​អាច​កាត់បន្ថយនូវ​ទំនាស់​របស់​អ្នកជិតខាង ព្រោះ​ពេលដែល​យើង​ធ្វើ​ត្រូវអនុវត្ត​នូវ​គម្លាត​នគរូបនីយកម្ម​ប​ញ្ញ​តិ និង​មិន​ឲ្យ​ប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ មិន​ឲ្យ​មានទំនាស់​រវាង​ម្ចាស់​សំណង់​និង​ក្រុម​ជាង ដោយ​ឃើញថា កន្លងទៅ​មានទំនាស់​ញឹកញាប់​ដែល​ប្រជាពលរដ្ឋ​ម្ចាស់​សំណង់​ប្តឹង​មក​មន្ទីរ​ឲ្យ​ជួយ​ដោះស្រាយ​ដោយសា​រការសាងសង់​សំណង់​គ្មាន​គុណភាព​ជាដើម។​
លោកបានបញ្ជាក់ថា ការស្នើសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវគឺផ្តល់ភាពជាគំរូល្អនិងជាមោទនភាពសម្រាប់ខ្លួនឯង និង សង្គមជាតិ ហើយត្រូវចូលរួមសហការឲ្យបានល្អតាមការណែនាំរបស់រដ្ឋបាលក្រុង ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ និងដើម្បីធានាថារាល់សំណង់ទាំងអស់មានលក្ខណៈស្របច្បាប់ជៀសវាងមានទំនាស់ទៅថ្ងៃក្រោយបន្តទៀត៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print