សៀងហៃ៖ នៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដង្ហែថ្វាយព្រះរាជដំណើរដោយប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅមជ្ឈមណ្ឌលពិព័រណ៍សៀងហៃផូដុង។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមទទួលស្វាគមន៍ថ្វាយព្រះពរថ្វាយព្រះរាជវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លាពីលោកWang Zulaing អគ្គនាយកតំបន់ផូដុងថ្មី ព្រមទាំងថ្នាក់ដឹកនាំក្រុង និងមន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌលពិព័រណ៍សៀងហៃផូដុងជាច្រើនរូបទៀត។
បន្ទាប់មកលោកWang Zulaing អគ្គនាយកតំបន់ផូដុងថ្មីបានទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទតវីដេអូ3D និងយាងឡាយព្រះហស្តលេខាលើក្រាំងមាសបង្ហាញអំពីព្រះរាជហឫទ័យចូលរួមអបអរស្វាគមន៍ដោយសេចក្តីកោតសរសើរយ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំក្រុងសៀងហៃ ព្រមទាំងមន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌលពិព័រណ៍សៀងហៃផូដុង ដែលបានរៀបចំមជ្ឈមណ្ឌលនេះឡើងបង្ហាញអំពីសិល្បៈ វប្បធម៌ និងភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ប្រជាជនចិន។
ក្នុងឱកាសដ៏ប្រសើរនោះដែរ ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពិព័រណ៍សៀងហៃផូដុង បានថ្វាយតង្វាយវត្ថុអនុស្សាវរីយ៍ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានជាសៀវភៅស្តីអំពីការវិវត្តន៍របស់ មជ្ឈមណ្ឌលពិព័រណ៍សៀងហៃផូដុង។
ដោយឡែក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ជាប្រអប់បារីប្រាក់ចំពោះប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពិព័រណ៍សៀងហៃផូដុងវិញផងដែរ។
លោកលេខាបក្សក្រុងសៀងហៃ បានថ្វាយតង្វាយវត្ថុអនុស្សាវរីយ៍ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានជានាឡិកាផលិតនៅទីក្រុងសៀងហៃជាលើកដំបូងក្នុងឆ្នាំ១៩៦០ និងឆ្នាំ១៩៦៥ និងថាសចម្រៀងដែលជាស្នាព្រះហស្តព្រះរាជនិពន្ធដោយព្រះ ករុណា ព្រះវររាជបិតាវប្បធម៌សិល្បៈជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ប្រកបដោយតម្លៃខ្ពង់ខ្ពស់នៃខឿនវប្បធម៌សិល្បៈប្រពៃណីខ្មែរ ជូនលោកលេខាបក្សក្រុងសៀងហៃទទួលបានផ្តិលប្រាក់យ៉ាងល្អវិចិត្រ។
បន្ទាប់មកលោកលេខាបក្សក្រុងសៀងហៃ បានថ្វាយនូវពិធីលៀងសាយភោជន៍ជា
មហាកិត្តិយស ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅប្រកបដោយសភាពដ៏អធឹកអធម នៅសណ្ឋាគារភ្ញៀវរដ្ឋ Xijiao។
ពិធីលៀងសាយភោជន៍ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សោមន្សរីករាយសិ្នទ្ធស្នាលនាំមកនូវព្រះរាជសុខភាព ព្រះជន្មវស្សាយឺនយូរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងញ៉ាំងឲ្យទំនាក់ទំនងនៃចំណងមេត្រីភាពមហាមិត្តភាពរវាងកម្ពុជា-ចិន ជាបងប្អូនកាន់តែត្រូវបានពង្រឹង និងពង្រីក ដោយឥតឈប់ឈរក្នុងភាពចម្រើនរឹងមាំ និងឋិតថេរជាអមតៈ។
នៅវេលាម៉ោង៨យប់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដង្ហែថ្វាយព្រះរាជដំណើរដោយព្រះរាជគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសទាំង២កម្ពុជា-ចិន ស្តេចយាងបន្តបំពេញទស្សនកិច្ចនៅទន្លេ Huangpu។
ឋិតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំក្រុងសៀងហៃ បានថ្វាយតង្វាយវត្ថុអនុស្សាវរីយ៍ ជាឯកសារស្តីអំពីព្រះរាជសកម្មភាពនៃព្រះរាជដំណើរទស្សនកិច្ច ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅទីក្រុងសៀងហៃកាលពីក្នុងឆ្នាំ២០១០កន្លងទៅនោះ។ ព្រះករុណា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដល់អ្នកគ្រប់គ្រងទូកថ្វាយព្រះរាជដំណើរទទួលបានប្រអប់បារីប្រាក់ និងក្លងប្រាក់យ៉ាងល្អប្រណិីត។
ក្នុងកម្មវិធីបញ្ចប់នៃពិធីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ ជូនប្រធានគ្រប់គ្រង ក្រុមសិល្បៈរបាំទទួលបាន ផ្តិលប្រាក់ និងក្រុមសិល្បករសិល្បការិនីទទួលបានកន្សែង។
ក្នុងឱកាសនោះដែរ លោកលេខាបក្សខេត្ត បានថ្វាយតង្វាយវត្ថុអនុស្សាវរីយ៍ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវព្រះបរមឆាយលក្ខណ៍ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តីអំពីព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គ នៅខេត្តSichuan ក្នុងខែកញ្ញា ឆ្នាំ១៩៦៥កន្លងទៅនោះ ៕
ដោយ៖ ហេង សូរិយា