ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះទៅពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនៅស្រុកកោះធំខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានករណីឆ្លងជំងឺ covid-19 មានចំនួនច្រើន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់សមត្ថកិច្ចនិងអាជ្ញាធរដែលប្រចាំការនៅទីនោះ ត្រូវរៀបចំឲ្យមានការពន្លាតសង្គម ការរក្សាអនាម័យ អនុវត្តតាមវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-19 នឹងធ្វើការរៀបចំបំពាក់នូវគ្រឿងបរិក្ខាពេទ្យបន្ថែមទៀត។ ជាមួយនឹងការគិតគូរផ្គត់ផ្គង់ទៅលើចំណីអាហារសម្រាប់អ្នកកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។
បើតាមរបាយការណ៍បញ្ជាក់អោយដឹងថា, នៅស្រុកកោះធំ ខេត្តកណ្ដាល មានមណ្ឌលទីតាំងកន្លែងធ្វើចត្តាឡីស័កចំនួន ៣កន្លែង រួមមាន:
-មណ្ឌលព្រែកស្ដីមានចំនួន ១០នាក់
-មណ្ឌល ហ ស កោះធំ មានចំនួន១១០នាក់
-មណ្ឌលព្រែកអង្ចារ ជាប់ស្ពានលេខ៧៧ មានចំនួន៣៦នាក់។
ដោយឡែកអ្នកផ្ទុកកូវីដ-១៩ នៅកាសុីណូយុងយ័ន មានចំនួន៣២នាក់, កាសុីណូជីងសា មានចំនួន ២នាក់, កាសុីណូព្រីន មានចំនួន១០២នាក់ ។
អ្នកត្រូវបានយកសំណាក នៅកាស៊ីណូយុងយ័យ សរុប ១៣៤៨នាក់ , កាស៊ីណូជីវសា មានចំនួន៨៥៦នាក់ , កាស៊ីណូ ជីន យ៊ុន (ព្រីន)មានចំនួន១៩៤១នាក់, កាសុីណូហ្គ្រេនដ្រាហ្គន មានចំនួន៩៧២នាក់, កាស៊ីណូក្រោម មានចំនួន៣៣៩នាក់, កាស៊ីណូកាឡាក់សុី មានចំនួន៩២១នាក់។
លោក ហ៊ុន ម៉ាណែត ថ្លែងថា, ឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តដែលកំពុងធ្វើការព្យាបាលជម្ងឺកូវីដ១៩ ដែលករណីអ្នកមានវិជ្ជមាននៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះ ខ្ញុំរួមជាមួយនឹងក្រុមការងារបច្ចេកទេសសុខាភិបាល បានចុះពិនិត្យនិងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជម្ងឺនេះនៅតំបន់ជ្រៃធំ៕
ដោយ៖ ស្អាង ជ័យ