ក្រុមតោខៀវ Chelsea បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតវគ្គជម្រុះពានរង្វាន់ Champions League វគ្គ១៦ក្រុមជើងទី២ ដោយបានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធផល២ទល់០។ ជ័យជម្នះនេះធ្វើឲ្យក្រុមខ្លាំងមួយនេះក្លាយជាក្រុមទី៣នៅអង់គ្លេសដែលបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយមានក្រុម Liverpool, Manchester City និងក្រុម Chelsea នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ។ ២គ្រាប់របស់ក្រុមតោខៀវ Chelsea រកបានដោយកីឡាករ Ziyech នៅនាទីទី៣៤ ក្នុងតង់ទី១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Emerson នៅនាទីទី៩០+៤ ក្នុងម៉ោងបន្ថែមជិតចប់ការប្រកួត ក្រោយពីកីឡាករ Stefan Savic របស់ក្រុម Atletico Madrid ទទួលបានកាតក្រហមនៅនាទីទី៨១។ លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ ហើយបន្ទាប់ពីការជម្រុះ៤ដងជាប់ៗគ្នានៅពេលបង្ហាញខ្លួននៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រុមតោខៀវ Chelsea បានឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី១ ចាប់តាំងពីឆ្នាំ ២០១៣-២០១៤ ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ Chelsea មិនទាន់ចាញ់នៅឡើយទេក្នុង១៣ប្រកួតក្រោមការដឹកនាំរបស់លោក Thomas Tuchel ក្នុងរាល់ការប្រកួតទាំងអស់ (ឈ្នះ៩ ដងស្មើ៤) ដែលនេះជាការចាប់ផ្តើមមិនស្គាល់ចាញ់យូរបំផុតរបស់អ្នកចាត់ការទូទៅក្នុងប្រវត្តិក្លិបដោយយកឈ្នះលោក Luiz Felipe Scolari ដឹកនាំ១២ប្រកួតកាលពីឆ្នាំ២០០៨ ។ ចំណែកក្រុមអតីតម្ចាស់ជើងឯក Bayern Munich បានឡើងទៅកាន់វគ្គ៨ក្រុមដែរដោយបានយកឈ្នះក្រុមមកពីអ៊ីតាលី Lazio ក្នុងលទ្ធផល២ទល់១។ ក្រុម Bayern Munich បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ជាលើកទី១៩ដែលជាក្រុមខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ បច្ចុប្បន្នក្រុម Bayern Munich មិនស្គាល់ចាញ់សោះក្នុង១៩ប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ដែលស្មើនឹងការប្រកួតយូរបំផុតជាប់ៗគ្នាដោយគ្មានការបរាជ័យនៅក្នុងប្រវត្តិសាស្ត្រក្លិបនៅអឺរ៉ុប និងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដែលធ្លាប់មានកាលពីឆ្នាំ១៩៨២ និងឆ្នាំ២០០២ ។ សូបបញ្ជាក់ថា ក្រុមទាំង៨ចុងក្រោយដែលនឹងត្រូវប្រកួតជម្រុះបន្តមានដូចជា ក្រុមខ្លាំងមកពីអង់គ្លេស៣គឺក្រុម Manchester City, Liverpool, Chelsea, ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Dortmund, Bayern Munich, ក្រុមខ្លាំងមកពីបារាំង PSG, ក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto និងក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid ៕ដោយ៖ភាៈ