រឿងនិទានខ្មែរបែបអប់រំ៖ រឿងខ្លា ស្វា និងទន្សាយ

ចែករំលែក៖

​មាន​សត្វ​ខ្លា​មួយ​ វា​ដាច់​សង្វែង​ ដើរ​រក​ចាប់​អ្វី​មិន​បាន​សោះ​ ខំ​ដើរ​ស្វែង​ណាស់ៗ​ទៅ​ប្រទះ​នឹង​សត្វ​អក​មួយ កំពុង​តែ​យំ​ឮ​សូរ​អក​អូៗ​ ទំ​លើ​ដើម​ព្រឹក្សា​មួយ​នៅ​មាត់​ត្រពាំង​ ខ្លា​ក្រឡេក​មើល​ទៅ​ឃើញ​គិត​ក្នុង​ចិត្ត​ថា << ធ្វើ​ម្ដេច​នឹង​ចាប់​អា​នេះ​បាន​ហ្ន ! បើ​វា​នៅ​ខ្ពស់​ម្ល៉េះ ? បើ​អញ​ឡើង​ទៅ​ មុខ​ជា​វា​ឃើញ​ ហើយ​ហើរ​ទៅ​កាល​ណា​នឹង​ចាប់​វា​បាន ?”។ខ្លា​អង្គុយ​ចាំ​មើល​កិច្ចកល​សត្វ​អក​នោះ ។ ឯ​សត្វ​អក​នោះ​កាលណា​ទំ​ហើយ​ ភ្នែក​វា​តែង​រំពៃ​មើល​ទៅ​បង្ហែ​ត្រី​ ក្រែង​មាន​ត្រី​បន្លៀក​ខ្លួន​ឡើង​នឹង​ចាប់ ។ យូរ​បន្តិច​មាន​ត្រី​មួយ​ផុស​ឡើង​ពី​ក្នុង​ទឹក , អក​ស្ទុះ​ទៅ​ចាប់​បាន​ត្រី​នោះ​ យក​មក​ធ្វើ​ជា​ចំណី​វា​ទៅ ។

ខ្លា​ឃើញ​អក​ធ្វើ​ដូច្នោះ​ ក៏​គិត​ក្នុង​ចិត្ត​ថា << យើ ! អា​អក​នេះ​វា​អង្គុយ​តែ​ស្ងៀម​សោះ​ ស្រាប់​តែ​មាន​ត្រី​ហែល​ក្នុង​ត្រពាំង​នោះ​ វា​ស្ទុះ​ទៅ​ចាប់​បាន​មួយ​រំពេច​យក​មក​ក្រអែះ​ មិន​នឿយ​ហត់​ប៉ុន្មាន​សោះ​ មិន​ព្រួយ​ដូច​ជា​ខ្លួន​អញ​ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អា​នេះ​អង្គុយ​ធ្វើ​ច្រងុកៗ​ ចាប់​បាន​ភ្លាមៗ​ ហើយ​វា​មិន​លំបាក​លប​លំបាក​ឱន​ ក្រាប​ទៀត​ផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញ​ស្រួល​ជាង ” ។ ខ្លា​គិត​ដូច្នោះ​ហើយ​ក៏​ដើរ​ទៅ​ទៀត​ ដើម្បី​ស្វែង​រក​បឹង​ ឬ​ត្រពាំង​ជា​ទី​ស្ងាត់​ ហើយ​ដែល​មាន​ត្រី​ច្រើន​នោះ ។ វា​ដើរ​ទៅ​ដល់​បឹង​មួយ​ជា​ទី​ស្ងាត់, នៅ​មាត់​បឹង​នោះ​ មាន​ដើម​ឈើ​ធំៗ​ដុះ​ច្រូង​ច្រាង​ ដ៏​មាន​ម្លប់​ត្រឈៃ​ល្មម​វា​ពឹង​ពួន​ខ្លួន​វា​បាន ។ ពេល​នោះ​មាន​បុរស​ម្នាក់​នៅ​ចង​សន្ទូច​ក្នុង​បឹង​នោះ​ មុន​ខ្លា​ទៅ​ដល់ ។ ដោយ​ចង់​មើល​ឲ្យ​ឃើញ​សន្ទូច​ខ្លួន​ ដែល​រាយ​នៅ​ឯ​នាយ​ឆ្ងាយ​បាន​ស្រួល​ បុរស​នោះ​រាយ​សន្ទូច​ហើយ​ មិន​ឈរ​នៅ​នឹង​ដី​ទេ​ ទៅ​ឡើង​លើ​ដើម​ព្រឹក្សា​មួយ​ធំ​ខ្ពស់​នៅ​សម្ងំ​តែ​ម្នាក់​ឯង​ មិន​មាត់​ក​ឡើយ ។ ឯ​ខ្លា​នោះ​ កាល​បាន​ទៅ​ដល់​ហើយ​ក៏​ដើរ​ផ្លូក​ចុះ​ផ្លូក​ឡើង​ រក​ដើម​ឈើ​នឹង​ឡើង​ ធ្វើ​ដូច​ជា​សត្វ​អក ។ បុរស​ឮ​សូរ​មើល​ទៅ​ឃើញ​ខ្លា​កំពុង​តែ​ដើរ​ រួច​ទៅ​ឡើង​អង្គុយ​ជ្រហមៗ​លើ​ចុង​ឈើ​ ហើយ​ធ្វើ​សំឡេង​ត្រាប់​តាម​សត្វ​អក​ថា << អកអូរៗ >> គាត់​មិន​ហ៊ាន​មាត់​ថាអ្វី​ទេ​ ចាំ​តែ​មើល​ហើយ​គិត​ថា << ខ្លា​នេះ​ វា​ឡើង​ចុង​ឈើ​នៅ​ក្នុង​បឹង​ដូច្នេះ​ តើ​វា​គិត​ធ្វើ​អ្វី​អេះ ? >> ។ យូរ​បន្តិច​មាន​ត្រី​ងើប​ឡើង​ស្រាប់​តែ​ខ្លា​នោះ​ ស្ទុះ​លោត​ប្រូង​ រួច​ផុស​ឡើង​វិញ​ឈ្លក់​ទឹក​ឮ​សូរ​ខក់ៗ ។ បុរស​នោះ​ឃើញ​ហើយ​សើច​ រួច​ស្រែក​ថា << ស្លាប់​ទៅ ! អា​ខ្មោច​ ធ្វើ​អ្វី​ដូច្នោះ>>។ ខ្លា​ឮ​មើល​ទៅ​ឃើញ​បុរស​នៅ​លើ​ចុង​ឈើ​ ក៏​មាន​សេចក្ដី​អៀន​ខ្មាស​ខ្លាំង​ណាស់​ ស្ទើរ​នឹង​ស្លាប់​ខ្លួន​ ព្រោះ​មិន​ដែល​បង់​គំនិត​ដល់​ម្លឹង​សោះ​ រួច​ខ្លា​នឹក​ថា << ឥឡូវ​បុរស​នេះ​ឃើញ​អញ​តែ​ម្នាក់​ឯង​ បើ​គាត់​ទៅ​ដល់​ផ្ទះ​សម​គាត់​នឹង​និយាយ​ប្រាប់​គេ​ថែម​ទៀត​ គេ​នឹង​កាន់​តែ​ដឹង​ច្រើន​ឡើង​ កើត​មាន​កេរ្ត៍​ឈ្មោះ​អាក្រក់​ណាស់​ បើ​ដូច្នោះ​អញ​សូក​គាត់​ កុំ​និយាយ​ប្រាប់​នរណា​ត​ទៅ​ទៀត​ឡើយ >> ។ ខ្លា​បាន​និយាយ​អង្វរ​បុរស​នោះ​ ជា​ពាក្យ​ឱន​លំទោន​ថា << ឱ ! អ្នក​អើយ ! ខ្ញុំ​បាន​ជា​ចាប់​ត្រី​ធ្វើ​ដូច​ជា​សត្វ​អក​ទៅ​ វា​មិន​បាន​ឯ​ត្រី​ ទៅ​បាន​ឯ​លង់​ទឹក​ ស្ទើរ​នឹង​ស្លាប់​ ខ្ញុំ​មាន​សេចក្ដី​ខ្មាស​អៀន​ច្រើន​ណាស់​ បើ​ដូច្នោះ​សុំ​អ្នក​អាណិត​ខ្ញុំ​ កុំ​និយាយ​ទៅ​ណា​មក​ណា​ទៅ​ទៀត​ ខ្ញុំ​នឹង​តប​គុណ​ឧបការៈ​អ្នក>> ។ បុរស​តប​វិញ​ថា << ខ្លា​ឯង​ឲ្យ​អ្វី​អញ “។ ខ្លា​ថា ” ខ្ញុំ​សន្យា​រក​សត្វ​ មួយ​ព្រឹក​មួយៗ​ យក​មក​ជូន​អ្នក​នៅ​ទី​នេះ​រាល់​តែ​ថ្ងៃ ” ។ បុរស​នោះ​ក៏​ព្រម​ព្រៀង​ទទួល​ពាក្យ​ខ្លា​ រួច​ហើយ​វិល​ទៅ​ផ្ទះ​អាត្មា​វិញ, លុះ​ព្រឹក​ឡើង​ មក​ទទួល​យក​សត្វ​អំពី​ខ្លា​នៅ​កន្លែង​សន្យា។ ខ្លា​ក៏​ខាំ​សត្វ​យក​មក​ឲ្យ​បុរស​នោះ​ ជា​ប្រក្រតី​មិន​ហ៊ាន​ខាន ។ កាល​បើ​បុរស​នោះ​បាន​សត្វ​នាំ​យក​ទៅ​ផ្ទះ​អាត្មា​ ច្រើន​ថ្ងៃ​ពេក​ណាស់​ នាង​ភរិយា​ឆ្ងល់​ លុះ​វេលា​យប់​ក៏​សួរ​ដោយ​ស្ងាត់​ថា << អ្នក​ឯង​ធ្វើ​ដូចម្ដេច​ ក៏​បាន​សត្វ​រាល់​ថ្ងៃ​ម្ល៉េះ ? ម្ដង​សត្វ​នេះ​ម្ដង​សត្វ​នោះ​ ជ្រូក​ក៏​មាន​ ក្ដាន់​ក៏​មាន​ ឈ្លូស​ក៏​មាន >> ។ ប្ដី​ថា << អញ​ដាក់​អន្ទាក់ >> ។ ប្រពន្ធ​ថា<< អន្ទាក់​អ្វី​ក៏​បាន​ មិន​ដែល​ខាន​ដូច្នេះ ? អ្នក​អើយ ! ប្អូន​ឲ្យ​ត្រង់​ទៅ​មើល >> ។ បុរស​នោះ​ក៏​ភ្លេច​ពាក្យ​សន្យា​ដោយ​ស្មាន​ថា​ ខ្លា​កាល​ណា​វា​នឹង​មក​ ក៏​ប្រាប់​ប្រពន្ធ​តាម​រឿង​ហេតុ​ពី​ដើម​ដល់​ចុង ។ ប្រពន្ធ​នោះ​ក៏​ជឿ ។ លុះ​ព្រឹក​ឡើង​បុរស​ទៅ​យក​សត្វ​អំពី​ខ្លា​ដូច​សព្វ​ដង​ លុះ​ទៅ​ដល់​ស្រាប់​តែ​ឃើញ​ខ្លា​អង្គុយ​ជ្រហមៗ​ចាំ​នៅ​កន្លែង​នោះ ។ លុះ​បុរស​ដើរ​ទៅ​ដល់​ខ្លា​ប្រាប់​ថា << អើ ! បុរស​ឯង​មក​ហើយ​ អញ​នៅ​ចាំ​ទេ​តើ ! អញ​និង​ស៊ី​ឯង​ ត្បិត​កាល​និយាយ​គ្នា​មុន​នោះ​ អញ​ហាម​ថា​ កុំ​ឲ្យ​និយាយ​ប្រាប់​គេ​ត​ទៅ​ទៀត​ អញ​សូក​ឲ្យ​សត្វ​មួយៗ​រាល់​តែ​ថ្ងៃ, ឥឡូវ​ម្ដេច​ក៏​និយាយ​ប្រាប់​គេ ? >>។

បុរស​នោះ​ក៏​ភ័យ​ភ្នែក​ស្លោ​ ឥត​ប្រកែក​ថា​អ្វី​ទេ​ គ្រាន់​តែ​អង្វរ​ទៅ​ខ្លា​វិញ​ថា << បង​ខ្លា​ឯង​ ស៊ី​ក៏​ស៊ី​ចុះ​ ខ្ញុំ​មិន​ប្រកែក​ទេ​ បាន​ជា​និយាយ​ទៅ​ហើយ​ តែ​បើ​ម្ង៉ៃ​នឹង​ស្លាប់​រស់​ ខ្ញុំ​សូម​ទៅ​ជួប​ប្រពន្ធ​សិន​នឹង​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ផង ” ។ ខ្លា​ក៏​ព្រម​ថា << អើ​ ទៅ​ក៏​ទៅ​ចុះ​ តែ​ឲ្យ​ឆាប់​ត្រឡប់​មក​វិញ​ អញ​ស្ដោះ​ទឹក​មាត់​ចាំ​ តែ​ស្ងួត​ទឹក​មាត់​អញ​តាម​ទៅ​ស៊ី​ទាំង​ប្ដី​ទាំង​ប្រពន្ធ, ទុក​ធ្វើ​អី​ មនុស្ស​និយាយ​មិន​ទៀង ” ។ បុរស​នោះ​ក៏​នៅ​ទាំង​សោក​សៅ​ក្នុង​ចិត្ត​ ព្រោះ​តែ​មាត់​មិន​ជិត​ បាន​ជា​ខ្លា​វា​ស៊ី, ទៅ​ដល់​ក៏​ប្រាប់​ប្រពន្ធ​តាម​រឿង​ហេតុនោះ​ ហើយ​ថា << ឥឡូវ​នៅ​មិន​បាន​ទេ​ ត្បិត​ខ្លា​វា​ចាំ​តែ​យូរ​ វា​នឹង​មក​ស៊ី​ទាំងអស់​គ្នា ” ។ ប្រពន្ធ​ក៏​យំ​សោក​ស្រណោះ​គ្នា​ទៅ​វិញ​ទៅ​មក​ស្ដាយ​គំនិត ។ ប្ដី​ក៏​លា​ភរិយា​ចេញ​ចាក​គ្រឹះ​ស្ថាន​ ដើរ​មក​តាម​ផ្លូវ​យំ​បណ្ដើរ​ផង, ដល់​ពាក់​កណ្ដាល​ផ្លូវ​ ប្រទះ​នឹង​ទន្សាយៗ​សួរ​ថា << បុរស​ឯង​ដើរ​ទៅ​ណា​យំ​ផង​ដូច្នេះ​ មាន​ទោស​ទុក្ខ​ដូចម្ដេច ? ។ បុរស​នោះ​ ថ្លែង​ឲ្យ​ទន្សាយ​ស្ដាប់​សព្វ​គ្រប់​ប្រការ​តាម​ហេតុ​នោះ ។ ទន្សាយ​ឆ្លើយ​ថា ” ឱ ! បើ​ដូច្នោះ​ ភ័យ​អ្វី​ បុរស​ឯង​ទៅ​រក​តែ​ចេក​១​ស្និត​មក​ ទៅ​ខ្លាច​អ្វី​ អា​ខ្លា​កំព្រើល​នោះ “។ បុរស​នោះ​ត្រេកអរ​ក៏​ម្នីម្នា​រត់​ទៅ​រក​បាន​ចេក​មួយ​ស្និត​ ហើយ​ជូន​ទៅ​លោក​សុភា​ទន្សាយ​ថា << ខ្ញុំ​ជូន​លោក ! សុំ​ឲ្យ​តែ​លោក​សុភា​ជួយ​ខ្ញុំ​ឲ្យ​រស់​ជីវិត​ផង​ចុះ​ តែ​បន្តិច​ ខ្លា​វា​តាម​មក​ស៊ី​ខ្ញុំ​ហើយ >>។ សុភា​ទន្សាយ​ថា << អើ ! អ្នក​ឯង​ទៅ​ជាមួយ​នឹង​យើង​ ចាំ​មើល​ខ្លា​នោះ​ឲ្យ​ជាក់ >> ។ រួច​សុភា​ទន្សាយ​រក​ដំបូក​មួយ​យ៉ាង​ខ្ពស់​ ឡើង​ទៅ​អង្គុយ​លើ​ដំបូក​នោះ​ ដើម្បី​មើល​ទៅ​ឲ្យ​បាន​ឆ្ងាយ ។

ឯ​ខ្លា​ កាល​ចាំ​បុរស​នោះ​យូរ​ពេក​ ក៏​តាម​មក​ ប្រាថ្នា​នឹង​ខាំ​ស៊ី​ទាំង​ពីរ​នាក់​ ព្រោះ​ខុស​សន្យា​គ្នា​ពីរ​លើក​ហើយ, វា​ដើរ​ម្នាក់​ឯង​តាម​ផ្លូវ​ រលេះ​រលាំង​មក​ដល់​ទៀប​ដំបូក ។ បុរស​នោះ​ឃើញ​ ក៏​ប្ដឹង​សុភា​ទន្សាយ​ថា << ហ្ន ! មក​ហើយ​លោក >> ។ សុភា​ទន្សាយ​ប្រាប់​ថា<< កុំ​មាត់ ! ចាំ​វា​មក​ជិត​សិន >> ។ ខ្លា​ដើរ​មក​កាន់​តែ​ជិត​ សុភា​ទន្សាយ​ពម​ចេក​មួយ​ក្នុង​មាត់​ ហើយ​ស្រែក​គ្រហែម​ឡើង​ថា << អ៊ែមៗ​ស៊ី​ខ្លា​៥​មិន​ស្កាំ​ផ្ទៃ​ ស៊ី​ត្រប់​ខា​ប៉ុន​កូន​ដៃ​ ស្អា​ក​ស្ទើរ​បែក​ អ៊ែមៗ >> ។ ខ្លា​ឮ​សម្លេង​ធំ​ក្រអួន​ថា << ស៊ី​ខ្លា​៥​មិន​ស្កាំ​ផ្ទៃ >> ក៏​ស្ទុះ​ថយ​ក្រោយ ។ សុភា​ទន្សាយ​គ្រហែម​ថែម​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ផ្ទួនៗ ។ ខ្លា​ស្ទុះ​រត់​លែង​ទាំង​មើល​ក្រោយ​ រត់​ឆ្ងាយ​ទៅ​ប្រទះ​ស្វា​មួយ​នៅ​លើ​ចុង​ឈើ​ ស្វា​ឃើញ​ខ្លា​រត់​ស្រែក​សួរ​ថា << បង​ខ្លា​ រត់​មាន​ការណ៍​អ្វី ? >>។ ខ្លា​ឮ​ហើយ​ឈប់​ ឆ្លើយ​តប​ទៅ​វិញ << ទេ ! ទេ !វ៉ិអើយ ! អា​ណា​ក៏​ធំ​ម្ល៉េះ​ ស៊ី​ខ្លា​ដល់​ទៅ​៥​មិន​ឆ្អែត​ បាន​ជា​អញ​ភ័យ​ រត់​មក​ក្រែង​វា​ស៊ី>>។ស្វា​សួរ​ថា << បង​ឯង​ឃើញ​ដែរ​ឬ​អ្វី ? ។ ខ្លា​ថា << ទេ ! ឮ​តែ​មាត់ >> ។ ស្វា​សួរ​ថា << មាត់​ត្រង់​ណា ? >>។ ខ្លា​តប​ថា << នៅ​បៀត​ដំបូក​ឯ​ដើម​ពង្រ​នោះ​ណា >> ។ ស្វា​ថា << ក្រែង​បង​សុភា​ទេ​ដឹង ? ចំណាំ​តែ​ឃើញ​នៅ​ត្រង់​ហ្នឹង >> ។ ខ្លា​តប​ថា << មិន​មែន​ទេ​ សម្ដី​សុភា​ណា​ដូច្នោះ >> ។ ស្វា​ថា <<ទេ ! ប្រាកដ​ជា​សុភា​ហើយ , បើ​ដូច្នោះ​ទៅ​ម្ដង​ទៀត​មើល​ ខ្ញុំ​ជូន​ទៅ >> ។ ខ្លា​មិន​ព្រម​ទៅ​ថា << ក្រែង​បង​ស្វា​ឯង​រត់​ចោល​អញ​ តែ​ឯង​ភ័យ​រត់​ឡើង​ចុង​ឈើ​ទៅ, នៅ​តែ​អញ​ម្នាក់​ឯង​ ស្លាប់​អញ​ហើយ >> ។ ស្វា​និយាយ​ម្ដង​ទៀត​ថា​ បើ​បង​ឯង​ខ្លាច​ខ្ញុំ​រត់​ចោល​ យើង​ចង​កន្ទុយ​ភ្ជាប់​គ្នា​ខ្ញុំ​ឡើង​ទៅ​ចុង​ឈើ​ឯ​ណា​រួច​ បើ​បង​ជាប់​នឹង​ខ្ញុំ​ហើយ >> ។ ខ្លា​ថា​អើ ! បើ​ដូច្នោះ​ទៅ​ក៏​ទៅ​ កុំ​រត់​ចោល​គ្នា​វ៉ី ! ។ ខ្លា​និង​ស្វា​ចង​កន្ទុយ​ជាប់​គ្នា​ហើយ​ ដើរ​តម្រង់​ទៅ​ដំបូក​នោះ ។ បុរស​នោះ​ឃើញ​ប្ដឹង​សុភា​ទន្សាយ​ទៀត​ថា << លោក​អើយ ! មក​ទៀត​ហើយ​ម្ដង​នេះ​ មាន​ស្វា​មក​ផង​ ខ្ញុំ​ខ្លាច​ណាស់​លោក!សុភា​ទន្សាយ​ថា << កុំ​បារម្ភ​អ្វី ! នៅ​មាត់​ឲ្យ​ស្ងៀម​ ចាំ​វា​មក​ជិត​បន្តិច​ នឹង​មើល​វា>>។ សុភា​ទន្សាយ​ ក៏​ប្រុង​បក​ចេក​មួយ​នឹង​ពម​ឲ្យ​មាំ ។ ដល់​មក​ជិត​ ស្វា​សួរ​ថា​ត្រង់​ណា​បង​ខ្លា ? ។ ខ្លា​ថា << ហ្ន​ ត្រង់​ហ្នឹង, ហ្ន ! មាត់​ស្រែក​ពី​ត្រង់​នោះ >> ។ សុភា​ទន្សាយ​ពម​ចេក​នៅ​ក្នុង​មាត់​ស្រែក​ថា << យើ ! អា​ស្វា​ក្រញាំ​ ជំពាក់​បំណុល​អញ​ ៤ – ៥ ឆ្នាំ​ ដឹក​អា​ខ្លា​សំគម​មួយ​ឲ្យ​អញ​ អ៊ែម ! មើល​មាយាទ​អា​ស្វា​នេះ ! >> ។ ខ្លា​ឮ​ដូច្នោះ​ ក៏​ស្ទុះ​រត់​ភីង​ទៅ​ ស្វា​ឃាត់​ពុំ​ស្ដាប់​ ហើយ​គិត​ក្នុង​ចិត្ត​ថា << យើ​អា​ស្វា​នេះ​ វា​នាំ​អញ​មក​ផាត់​បំណុល​ទេ​តើ ! >> ។ ស្វា​ស្រែក​ថា << បង​ខ្លា​ ឈប់​សិនៗ​ ខ្លា​ក៏​មិន​ព្រម​ ដោយ​ចូល​ចិត្ត​ថា​ ច្បាស់​ជា​ស្វា​យក​ខ្លួន​មក​ផាត់​ឲ្យ​គេ >> ហើយ​រត់​ទៅ​ឆ្ងាយ​ ទាល់​តែ​ស្វា​នោះ​រណ្ដំ​នឹង​ឈើ​ នឹង​ដី​ ស្លាប់​ខ្លួន​ខូច​អសារ​ឥត​ការ ៕

(មាត់​មាន​គ្រប​ ដប​មាន​ឆ្នុក)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print