ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានករណីលេងល្បែងស៊ីសង(បញ្ជល់មាន់) កាលពីវេលាម៉ោង១៦និង០០នាទី ល្ងាចថ្ងៃទី២០ មីនា ឆ្នាំ២០២១ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះទី១-ឈ្មោះ យ៉ាត ថាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ទី២-ឈ្មោះ ជាង នាង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) និងទី៣-ឈ្មោះ សូរ ភ័ស្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សម្ភារបន្សល់ទុក មាន់២ក្បាលងាប់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា