រលកកូវិដ-១៩ ថ្មី កំពុងតែលេចឡើងនៅក្នុងតំបន់អឺរ៉ុបប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឲ្យមានការព្រមានពីការផ្ទុះកូវីដ-១៩ជាថ្មីនៅប្រទេសជាច្រើន បង្ខំឲ្យបិទប្រទេសម្តងទៀត។
តាមសារព័ត៌មានCNBC បានផ្សាយថា វីរុសកូវីដ-១៩ប្រភេទថ្មីមានប្រភពពីអង់គ្លេស ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា វីរុសថ្មីនេះ មានល្បឿននៃការឆ្លងយ៉ាងលឿន។ នៅពេលនេះដែរ បារំាងបានសម្រេចបិទមួយផ្នែកធំនៃប្រទេស តាំងពីថ្ងៃទី ១៩ ខែមីនា ក្រោយរកឃើញករណីឆ្លងកើនឡើងខ្ពស់ លើសពី ២៥០០០នាក់ក្នុងមួយថ្ងៃ ជាចំនួនយ៉ាងច្រើនមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០។
នៅក្នុងប្រទេសអាល្លឺម៉ង់ លោកស្រី Angela Merkel កន្លងមកបានប្រកាសថា នឹងចាប់ផ្តើមបើកប្រទេសវិញនៅក្នុងខែមីនានេះ ប៉ុន្តែ ក្រោយរកឃើញមានករណីឆ្លងខ្ពស់៧ថ្ងៃជាប់គ្នា ធ្វើឲ្យប្រទេសនេះសម្រេចបន្តបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាល ។
ដោយឡែកក្នុងប្រទេសអុីតាលីវិញ នាយករដ្ឋមន្ត្រី Mario Draghi បានប្រកាសថា មានករណីឆ្លងកូវីដ -១៩ កើនឡើងខ្ពស់។ ក្រៅពីនេះក៏មានប្រទេសជាច្រើននៅក្នុងតំបន់មានករណីឆ្លងកើនឡើងផងដែរ។ គិតមកទល់ពេលនេះអឺរ៉ុបមានករណីឆ្លងជាង៣៧,៥លាននាក់ គឺជាតំបន់មានករណីឆ្លងខ្ពស់ជាងគេបង្អស់លើពិភពលោក និងមានអ្នកស្លាប់ជាង ៨៧៧ពាន់នាក់។
ចំណែកអ្នកឆ្លងនៅទូទាំងពិភពលោកវិញ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៣,៨៥០,៩០៤នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៧២៧,៤២៨នាក់ និងជាសះស្បើយឡើងវិញ ៩៩,៧៧៨,៤៦៣នាក់៕
រូបភាព៖ Getty/CNBC.