ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នេះ នៅស្នាក់ការកណ្តាលសភាពសហពន្ធ័យុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនូវដំណើររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស.២៥៥៩-២៥៦០ គ.ស.២០១៦ក្រោមប្រធានបទ “ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនៅឧទ្យានជាតិអង្គរខេត្តសៀមរាប ក្រោមធិបតីភាព លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោក សុខ សប្បាយណា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះខុសពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឆ្នាំកន្លងទៅ ដែលកម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកលើនំអន្សមយក្ស និងការរាំម៉ាឌីហ្សុនជាក្រុម ។ ការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការចូលរួមក្នុងទឹកចិត្តជា មហាគ្រួសារខ្មែរ តាមរយៈការពូនផ្តុំគ្នាធ្វើនំត្រៀបបាយ នឹងនំផ្លែអាយ ដែលយើងឲ្យឈ្មោះថា “បង្អែមនៃសេចក្តីស្រលាញ់” ដើម្បីចែកជូនដល់បង្អូនជនរួមជាតិទាំងអស់ដែលនឹងអញ្ជើញទៅចូលរួមទស្សនា។
លោក សុខសប្បាយណា បានបន្តទៀតថា ការពូនផ្តុំគ្នាធ្វើនំនេះគឺឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តស្រលាញ់គ្នា រួបរួមគ្នាក្នុងសន្តានចិត្តដ៍មហាសាល និងដែលមិនអាចកាត់ថ្លៃបានរបស់ជនជាតិខ្មែរ ដែលមានប្រពៃណីរួបរួមគ្នា និងចេះយកអាសាគ្នា។ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក៍បានរៀបចំនូវ សួនកុមារ និងជនពិការ ក៍ដូចជាការតុបតែងភ្លើងចំរុះពណ៌ ដែលលំអរ ទៅដោយរូបស្វានិមិត្ត និងផ្កាចប្ប៉ា ដែលតំណាងឱ្យទេវតាឆ្នាំថ្មីផងដែរ។
លោក បានបញ្ជាក់ទៀតថា មូលដ្ធានគ្រិះនៃការច្នៃប្រឌិតរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះផ្តោតលើចំណុចគ្រិះ៥រួមមានការតុបតែង រចនាថ ទីតាំង ពេលវាលា និងកម្មវិធី។ ហើយក្នុងព្រឹត្តិការណ៍មានកម្មវិធីជាច្រើនដូចជា ការបួងសួងសុំសេចក្តីសុខសួរស្តី ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ល្បែងប្រជាប្រិយនិងរបាំប្រពៃណី ទៅវត្តពូនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ត ពិព័រណ៌សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ប្រណាំងរទេះគោ ក្របី គ្បួនដង្ហែអង្គរសង្ក្រាន្ត គោមបណ្តែតទឹក ល្ខោនបាសាក់ ប្រគួតអុកចក្រង្គ ប្រគួតប្រជែងថតរូប តន្រ្តី និងពិធី ស្រង់ព្រះ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ គ្រោងនិងរៀបចំនៅទីតាំងផ្សេងៗគ្នា ចាប់ពីបរិវេនខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៌អង្គរឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារមុខព្រះរាជដំណាក់។
ហើយឆ្នាំនេះក៍មាននូវវត្តមានដ៍ឧត្តុង្គឧត្តម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ធមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបើកដូចកន្លងទៅដែរ៕
ដោយ៖ ស សម