កាលពីព្រេងនាយ មានចចកត្រោសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹក ដើម្បីចាប់ត្រីធ្វើជាចំណី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ ហើយមានត្រី កំពឹស បង្កង ក្តាមជាច្រើន។ ចចកឃើញហើយមានចិត្តត្រេកអរណាស់ហើយគិតថា <<ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ>> ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថា <<យើងទាំងអស់គ្នាសុទ្ធតែជាចំណីរបស់បងចចកឯងទាំងអស់ហើយ ប៉ុន្តែបើបងស៊ីយើងទាំងភក់ដូច្នេះច្បាស់ជាមិនឆ្ងាញ់ទេ>> ។
ចចកឆ្លើយថា ធ្វើដូចម្តេចទើបយើងស៊ីឯងបានឆ្ងាញ់ពិសា?
កំពឹសក៏ឆ្លើយថា៖ បងចចកត្រូវយកយើងទៅលាងទឹកឲ្យស្អាតសិនសឹមស៊ីនោះទឹបឆ្ងាញ់
ចចកក៏សួរបន្តរ៖ ធ្វើដូចម្តេចនឹងអាចយកពួកឯងទៅលាងទឹកបានបើច្រើនយ៉ាងនឹង?
កំពឹសតបថា បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំ
ចចកក៏ឆ្លើយថា បងឯងធ្វើដូចម្តេចក៏ខ្ញុំតាមដែរ
កំពឹសថា ដូច្នេះចូរបងឯងចូលមកដេកននៀលក្នុងភក់នេះ ហើយយើងនឹងតោងខាំរោមបងឯង ហើយបងឯងនាំយើងទៅរកស្ទឹងបឹងបួរណាដែលមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមស៊ីតាមសម្រួលចុះ
ឯចចកថាសត្វលោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស។ កំពឹសនិងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែង មានទឹកថ្លា ចចកដើរចុះទៅក្នុងទឹក អស់ត្រី កំពឹសក៏លោតផ្លោតៗទៅក្នុងទឹកហើយប្រាប់ថា <<បងចចកឯងទៅជញ្ជូនមកឲ្យអស់សិន សឹមមកស៊ីពួកយើងតែម្តង យើងនៅចាំបងនៅទីនេះ>>។
ចចកក៏ទៅជញ្ជូនត្រីនឹងកំពឹសមក លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រីកំពឹស ក្តាម ខ្យង ដឹងថា ចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅហោង៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត