អាជ្ញាធរខេត្តមណ្ឌលគិរី បន្តចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចប៉ុស្តិ៍ អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូររាំង និងស្រុកកែវសីមា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែនឲ្យនៃប្រទេសជិតខាងឲ្យមានលក្ខណៈល្អប្រសើរ។ 

លោកអភិបាលខេត្ត បញ្ជាក់ថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី (កម្ពុជា) និងជាប់ខេត្តបី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានប្រវែង៣១៤គីឡូម៉ែត្រ ត្រូវបានកម្លាំងវិស្វកម្មស្ថាបនារួចរាល់ប្រមាណពី ៧០ទៅ ៨០ភាគរយ ដែលនេះ គឺជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានជួយសម្រួលកងកម្លាំងឈរជើងការពារព្រំដែនងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ។

 លោកអភិបាលខេត្ត បន្ថែមថា ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។ 

លោកអភិបាលខេត្ត បញ្ជាក់បន្ថែមថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

លោកអភិបាលខេត្ត​ បាននាំយកអំណោយជាគ្រឿងឧបភោគ​បរិភោគ​ និងថវិកាមួយចំនួន​​ ដេីម្បីចែកជូនដល់កងកម្លាំងនគរបាល​ កងកម្លាំងយោធា​កាពារព្រំដែន សរុបចំនួន​ ២៥គោលដៅ និងកងវិស្វកម្ម​ធ្វេីផ្លូវខ្សែក្រវ៉ាត់ព្រំដែន​ រួមមានះ អង្ករ​ ២តោន ៧០០គីឡូក្រាម,​ មី​ ២១៦កេះតូច, ត្រីខ​ ១០៨យួរ,​ ភេសជ្ជៈ ១០កេស,​ ទឹកសុទ្ធ​ ១០០យួរ,​ ម៉ាស់​ ២៤ប្រអប់​ និងថវិកាមួយគោលដៅៗ​ ចំនួន ៥០ម៉ឺនរៀល​​។ 

ដោយឡែកកងវិស្វកម្មធ្វេីផ្លូវក្រវ៉ាត់ព្រំដែនទទួលបាន​ អង្ករចំនួន​ ២០០គីឡូក្រាម,​ ត្រីខ​ ៨យួរ,​ មី​ ២កេសធំ,​ ម៉ាស់​ ៤ប្រអប់តូច,​ ទឹកសុទ្ធ​ ១២យួរ​ និងថវិកាចំនួន​ ១លានរៀល​ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ​ និងការពារជំងឺកូវីដ-១៩​ផងដែរ៕

                  

...

ដោយ ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print