បុរសម្នាក់បើកគោយន្តដឹកស្រូវទៅលក់ បែរជាគោយន្តក្រឡាប់ធ្លាក់ប្រឡាយសង្កត់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញស្លាប់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ។
ជនរងគ្រោះឈ្មោះឃូ ចាន់គ្រប់ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានប្រាប់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំងប្អូនថ្លៃម្នាក់និងអ្នកភូមិម្នាក់ទៀត ក្រោយពីច្រូតកាត់ស្រូវរូចហើយបានបើកគោយន្តកន្ត្រៃម្នាក់១គ្រឿងដឹកស្រូវយកទៅលក់ឲ្យឈ្មួញកណ្តាលដែលរង់ចាំទិញនៅលើខ្នងប្រឡាយ ។នៅពេលបើកបរគោយន្តនោះជនរងគ្រោះបានបើកនៅក្រោយគេផ្ទុកស្រូវចំនួន១៣ការុង។ ចំណែកគោយន្តកន្ត្រៃប្អូនថ្លៃនិងអ្នកភូមិទៅជាមួយបានបើកមុនគេដោយមានគម្លាតឆ្ងាយពីគ្នាជាច្រើនរយម៉ែត្រ។ ពេលដែលប្អូនថ្លៃឈ្មោះ រ័ត្ន រ៉ម ភេទប្រុសអាយុ២៨ឆ្នាំ និងអ្នកភូមិម្នាក់ទៀតបានដឹកស្រូវទៅដល់កន្លែងលក់ហើយ តែមិនឃើញគោយន្តកន្ត្រៃបងថ្លៃមកដល់ក៏ទៅតាមរកមើល ស្រាប់តែឃើញគោយន្តបានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកជើងក្អែកចម្ងាយ៣០០ម៉ែត្រពីភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ហើយជនរងគ្រោះត្រូវគោយន្តកន្ត្រៃសង្កត់ស្លាប់ក្នុងទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
សពជនរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យឃើញថាមិនពាក់ព័ន្ធនិឹងករណីឃាតកម្មត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print