ក្រសួងថាមពល អារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃទី២៦ខែមីនា បានប្រកាសថា មានករណីឆេះឃ្លាំងស្តុកប្រេងមួយកន្លែងក្នុងប្រទេសនេះ ក្រោយរងការវាយប្រហារ។
តាមការប្រកាសរបស់ក្រសួងថាមពលអារ៉ាប៊ី សាអ៊ូឌីត បញ្ជាក់ថា «គ្រាប់រ៉ុក្កែតមួយគ្រាប់បានបាញ់ចំឃ្លាំងស្តុកប្រេង Terminal Jizan បង្កឲ្យមានគ្រោះអគ្គិភ័យ ប៉ុន្តែមិនមានករណីស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍នេះឡើយ» ។
នៅក្នុងសេចក្តីប្រកាសក៏បានចោទប្រកាន់ការវាយប្រហារនោះថាជាសកម្មភាពវាយប្រហារដ៏កំសាកហើយបានបញ្ជាក់ថាវាមិនត្រឹមតែផ្តោតលើអារ៉ាប៊ី សាអ៊ូឌីតប៉ុណ្ណោះទេគឺប្រឆាំងទៅលើសេដ្ឋកិច្ចពិភពលោកទាំងមូល ។
ការវាយប្រហារកើតឡើង ក្រោយពេលរដ្ឋាភិបាលទីក្រុង Riyadh កាលពីថ្ងៃចន្ទកន្លងមក បានស្នើដល់ក្រុមប្រឆាំងនៅយេម៉ែន ផ្អាកការបាញ់ក្រោយការតាមដានរបស់អង្គការសហប្រជាជាតិ ប៉ុន្តែក្រុមហ៊ូធីច្រានចោល ដោយបញ្ជាក់ថា សំណើឈប់បាញ់មិនមានអ្វីថ្មីនោះឡើយ។
ក្រុមហ៊ូធីក៏បានស្នើឲ្យលុបការឡោមព័ទ្ធដែនអាកាសនិងដែនទឹក ដែលប្រទេសអារ៉ាប៊ី សាអ៊ូឌិីតបានអនុម័តទៅលើប្រទេសយេម៉ែន។
ចាប់តាំងពីលោកបៃឌិនឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានខិតខំបន្តកិច្ចពិភាក្សានៅក្នុងប្រទេសយេម៉ែន ហើយអាមេរិកប្រកាសថា បញ្ចប់ ការគាំទ្រដល់ការវាយប្រហារលើប្រទេសយេម៉ែន ដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត។
រដ្ឋាភិបាលទីក្រុង Riyadh បានដឹកនាំសម្ពន្ធមិត្តវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន កាលពីខែមីនាឆ្នាំ២០១៥ ។ នៅថ្ងៃទី២៥ខែមីនាកន្លងមក កម្លាំងទាហានអារ៉ាប់បានវាយស្ទាក់ យន្តហោះគ្មានមនុស្សបើកផ្ទុកទៅដោយគ្រាប់រំសេវ មានគោលដៅវាយប្រហារប្រទេសអារ៉ាប៊ី សាអ៊ូឌីត៕ ដោយ សាធី
រូបភាព៖ nangluongquocte