ខេត្តស្ទឹងត្រែង: ព្រៃសហគមន៍ជាង៣ពាន់ហិកតាបានរងនូវការកាប់ទន្ទ្រានពីជនខិលខូចលួចឃុបឃិតគ្នា ជាមួយមន្ត្រីអាជ្ញាធរមួយចំនួនដែលគ្មានឆន្ទ:ក្នុងការដឹកនាំទប់ស្កាត់ ទើបធ្វើឲ្យដីព្រៃសម្បទាន ដីព្រៃជម្រកសត្វព្រៃ ដីព្រៃរបស់រដ្ឋ ជាពិសេសដីព្រៃសហគមន៍នេះតែម្តង រងនូវការកាប់ទន្ទ្រាន រុករានឈូសឆាយកាយព្រំវាតទី សឹងតែគ្រប់ទីកន្លែង នៅក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់យើងនេះ ដូចពាក្យចាស់លោកពោលថា បើខ្មោចស្រុកមិនបើកដៃ តើខ្មោចព្រៃម៉េចនិឹងហ៊ាន ស្វាលួចស៉ីបាយ រួចយកមកលាបមាត់ពពែ។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកសន សារឿន អភិបាលនៃគណៈអភិបាលស្រុក បានបញ្ចាកម្លាំងជំនាញ និងមន្ត្រីរដ្ឋបាលស្រុកដឹកនាំកម្លាំងជំនាញចុះឆ្មក់ពិនិត្យនិងស្រាវជ្រាវដីសហគមន៍ក្រោយការកាប់ បំផ្លាញ រុករានទន្ទ្រានបម្រុងយកដីធ្វើជាកម្មសិទ្ធិនិងជួញដូរពីសំណាក់ជនខិលខូច មេឈ្មួញល្មោភយកដីរដ្ឋធ្វើអាជីវកម្មអស់ជាង៤រយហិកតា ដោយមិនខ្លាចសំណាញ់ច្បាប់ចាត់ការបន្តិចណាសោះឡើយ ដែលស្ថិតក្នុងចំណុចទួលបាញ់ឡាន ក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមការលើកឡើងរបស់សហគមន៍ការពារព្រៃឈើ លោកគង់ រី បានផ្តល់បទបង្ហាញដល់ទីតាំងដីព្រៃសហគមន៍ដែលមានការទន្ទ្រានពីសំណាក់ជនខិលខូចថា ក្នុងនាមលោកជាអ្នកការពារ ហើយអ្នកបំផ្លិចបំផ្លាញគឺនៅមិនឆ្ងាយឡើយ មានដូចជាមេឃុំ មេភូមិ មេប៉ុស្តិ៍ និងកូនចៅអាជ្ញាធរនោះឯង គ្មានអ្នកឆ្ងាយឡើយ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃើញអាជ្ញាធរមូលដ្ឋានកាប់ទន្ទ្រាន ពួកគាត់ក៏នាំគ្នាចូលកាប់តាម ទើបធ្វើឲ្យគ្មានការបង្ក្រាបនិងទប់ស្កាត់ដូច្នេះ ទោះបីជាពួកគាត់ឃើញការកាប់ទន្ទ្រានដីសហគមន៍យកធ្វើជាកម្មសិទ្ធិ ហើយបានរាយការណ៍ជូនលោកមេឃុំឈ្មោះឃឹម សុខា និងលោកមេប៉ុស្តិ៍ក៏ដោយ ក៏គ្មានប្រសិទ្ធភាពដែរ។ ចំណែកអ្នកខ្លាចមួយចំនួននៅតែខ្លាចមិនហ៊ាន ហើយក៏ប្រឈមនិឹងអត់ដីលំនៅឋានរួមនិឹងដីកសិកម្មផងដែរ តែលោកមេឃុំក៏មិនចាប់អារម្មណ៍និងខ្វល់រឿងនេះដែរ។
លោកគង់ រី បានបន្តថា: ក្រោយមកទើបពួកគាត់បានរាយការណ៍ទៅលោកអភិបាលនៃគណ:អភិបាលស្រុក និងពឹងពាក់បណ្ដាញព័ត៌មានក្នុងស្រុកជួយផ្សព្វផ្សាយ ក្នុងគោលបំណងដើម្បីឱ្យបានដឹងដល់ថ្នាក់ដឹកនាំស្រុក ខេត្ត មន្ទីរ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ដើម្បីជួយទប់ស្កាត់ដីព្រៃសហគមន៍នេះឱ្យនៅគង់វង្សនិងជាជម្រកសត្វព្រៃផងដែរ ដើម្បីទុកតដល់កូនចៅជំនាន់ក្រោយៗទៀត។ លោកបញ្ជាក់ថា ក្នុងការចុះស្រាវជ្រាវនិងពិនិត្យដីព្រៃសហគមន៍ដែលរងការកាប់ទន្ទ្រានខាងលើ លោកឡី ផាន់ណា នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ ជាអ្នកដឹកនាំកម្លាំងចូលរួមមាន: ១.លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុក ២.លោកមាស គឹមហេង នាយរងសង្កាត់រដ្ឋបាលព្រៃឈើថាឡា ៣.លោកជា ឌី មន្ត្រីរដ្ឋបាលព្រៃឈើព្រះរំកិល ៤.លោកគង់ រី សហគមន៍ព្រៃឈើ ៥.លោកឡាយ ផល្លី សហគមន៍ព្រៃឡង់ ៦.លោកឡុង ណេត សហគមន៍ព្រៃឈើ។
ជុំវិញការចោទពីសហគមន៍ព្រៃឈើខាងលើនេះ លោកឃឹម សុខា មេឃុំកាំងចាម មិនអាចសុំការបកស្រាយបំភ្លឺបានទេ ព្រោះទូរស័ព្ទខលចូលជាច្រើនដងគ្មានអ្នកលើក។
លោកឡី ផាន់ណា នាយករដ្ឋបាលសាលាស្រុកបានឲ្យដឹងដែរថា: លោកមកនេះតាមបទបញ្ជារបស់លោកអភិបាលស្រុក ដឹកនាំកម្លាំងចុះស្រាវជ្រាវ រកមុខជនខិលខូច និងទីតាំងដីសហគមន៍ដែលរងការកាប់ទន្ទ្រានទៅតាមការលើកឡើង និងចង្អុលបង្ហាញពីសហគមន៍ព្រៃឈើ តើដូចក្នុងរបាយការណ៍ដាក់ជូនសាលាស្រុកនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីកំណត់មុខសញ្ញាឲ្យបានច្បាស់ទៅលើជនខិលខូចទាំងនេះសម្រាប់កសាងសំណុំរឿងចាត់ការតាមនិីតិវិធីច្បាប់ ដើម្បីទប់ស្កាត់មិនឲ្យមានបន្តទៀត។
ចំណែកលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់វិញ បែរជាមិនអាចសុំបទសម្ភាសន៍បានទេភ្លាមៗនោះ លោកថាធ្វើការមិនទាន់ចប់ បើចប់លោកនិឹងធ្វើរបាយការណ៍ជូនថ្នាក់លើ ចង់ដឹងអីឲ្យសួរទៅថ្នាក់ដឹកនាំលោកចុះ ព្រោះលោកបានតែប៉ុណ្ណឹងទេ។
សូមបញ្ចាក់ផងដែរថា: ក្នុងរបាយការណ៍របស់មន្ត្រីជំនាញថា ដីសហគមន៍ដែលសមត្ថកិច្ចរកឃើញក្នុងការកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនោះអស់ប្រហែល៤.៣៨ហិកតា ក្នុងនោះរកឃើញខ្ទមធ្វើទុកក្នុងព្រៃមួយខ្នង មានទំហំ៥ម៉ែត្រ×៤ម៉ែត្រ មានឈ្មោះឃុត ខុម នៅចំណុចទួលបាញ់ឡាន និងមួយកន្លែងទៀតនៅចំណុច(អូរអន្សែ) ដែលរងកាប់រានមានទំហំ២៥០ម៉ែត្រ×១០០០ម៉ែត្រ និងឈូសឆាយអស់ប្រមាណ១,៥០ហិកតា ដែលធ្វើដោយឈ្មោះ(វន្តី) នេះបើតាមការចង្អុលបង្ហាញពីសហគមន៍ព្រៃតាម៉ៅ៕