នៅថ្ងៃទី២៧ខែមីនា (ពេលវេលាក្នុងតំបន់) មន្ត្រីរដ្ឋាភិបាលរដ្ឋ Sonara ប្រទេសម៉ិចស៊ីកូ បានបញ្ជាក់ថា មានគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូច ក្រោយហោះហើរចេញពីអាកាសយានដ្ឋាន Ignacio L Pesqueira ក្នុងទីក្រុង Hermosillo បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និង៣នាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១២និង២៥នាទី(ពេលវេលាក្នុងតំបន់)។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងគឺដោយសារតែយន្តហោះធុនតូចនោះហោះទាក់នឹងខ្សែភ្លើង។ ក្រោយគ្រោះថ្នាក់កើតឡើង បុគ្គលិកសុខាភិបាល និងក្រុមពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
អភិបាលរដ្ឋ Sonara បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសមាន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋនេះ គឺលោក Leonardo Ciscomani Freaner ។ នេះជាករណីគ្រោះថ្នាក់យន្តហោះលើកទីពីរហើយនៅក្នុងប្រទេសម៉ិចស៊ីកូ។ កាលពីថ្ងៃទី ២១ខែកុម្ភៈ ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ទាហានអាកាសប្រទេសម៉ិចស៊ីកូ បណ្តាលឱ្យមានទាហាន៦នាក់ស្លាប់៕ ដោយ សាធី
រូបភាព៖ AFP/TTXVN